នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនដល់ឃុំចំនួន៥ ក្នុងស្រុកបន្ទាយមាស
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ចំនួន៥ បានអញ្ជើញជាអធិបតីជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងផ្សព្វផ្សាយគោលនយោបាយ របស់រាជរដ្ឋាភិបាល ជូនដល់ឃុំចំនួន៥ រួមមាន ៖ ឃុំស្តេចគង់ខាងលិច, ឃុំស្ដេចគង់ខាងជើង, ឃុំស្ដេចគង់ខាងត្បូង, ឃុំព្រៃទន្លេ និងឃុំត្នោតចុងស្រង់ នៃស្រុកបន្ទាយមាស ខេត្តកំពត។
ពិធីសំណេះសំណាលនេះដែរ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អេង វុទ្ធី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស, ឯកឧត្តម តេង សួន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបន្ទាយមាស លោកអភិបាលស្រុកបន្ទាយមាស និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសាលាស្រុកបន្ទាយមាស នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបញ្ហាប្រឈមនានា ដែលបានលើកឡើងដោយ លោកមេឃុំទាំង៥ នៃស្រុកបន្ទាយមាស រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានសម្ដែងការចូលរួមអបអរសាទរ និងថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បានខិតខំយកអស់កម្លាំងកាយចិត្ត ពេលវេលា ដើម្បីបម្រើប្រជាពលរដ្ឋ ដោយមិនខ្លាចហត់នឿយ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានថ្លែងសាកសួរសុខទុក្ខចំពោះមេឃុំ ដោយក្តីនឹករលឹក។
ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានធ្វើការណែនាំ និងក្រើនរំលឹកទៅដល់មន្រ្តីមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់លើការងារបម្រើ និងពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង លឿន ឆាប់រហ័ស និងមានទំនួលខុសត្រូវខ្ពស់ ជាពិសេស ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ នៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន ឱ្យកាន់តែល្អបន្ថែមទៀត ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋហើយនោះ សូមអាជ្ញាធរមូលដ្ឋាន ធ្វើការអភិវឌ្ឍ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការរីកចម្រើនថែមទៀត។
នាឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា ក្រុមការងារចុះមូលដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ ទាំងបច្ចេកទេស និងធនធានដល់រដ្ឋបាលថ្នាក់ក្រោមជាតិ លើការអនុវត្ត គោលនយោបាយជាយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលមានការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចជាស្នូល ដោយកំណត់អាទិភាពជាគន្លឹះចំនួន ៥គឺ៖ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ប្រែក្លាយជាប្រទេសមានចំណូលខ្ពស់ ៕