ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន អញ្ជើញសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម និងមានការចូលរួមពី អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់សរុបប្រមាណ ១៨១នាក់។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការសួរសុខទុក្ខ និងអនុសាសន៍ដល់ក្មួយៗសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមនឹងប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខនេះដូចតទៅ៖
– ស្នើសុំឱ្យមានការរៀបចំថ្នាក់បំប៉នសម្រាប់សិស្សឱ្យរៀនបន្ថែមលើមុខវិជ្ជាសំខាន់ៗ ជាពិសេសផ្តោតលើមេរៀនសង្ខេបតាមមុខវិជ្ជានីមួយៗ និងសិក្សាស្វែងយល់ពីវិញ្ញាសាដែលធ្លាប់ចេញប្រឡងពីឆ្នាំមុនៗជាដើម។
– ផ្តោតលើមុខវិជ្ជា ដូចជាគណិតវិទ្យា និងភាសាខ្មែរ សម្រាប់គណិតវិទ្យា ព្យាយាមធ្វើលំហាត់ និងសរសេររូបមន្ដឱ្យបានច្រើនបៀបធ្វើលំហាត់ខុសៗគ្នា និងចងចាំរូបមន្តឱ្យកាន់តែច្បាស់ថែមទៀត សម្រាប់មុខវិជ្ជាភាសាខ្មែរ រៀនពីរបៀបសរសេរតែងសេចក្តី របៀបប្រើប្រាស់ពាក្យភ្ចាប់ និងចេះលើកឧទាហរណ៍មកបញ្ជាក់ឱ្យបានសមស្របទៅតាមប្រធានបទនីមួយៗ។
– ចេះគ្រប់គ្រងពេលវេលាឱ្យបានល្អ តាំងអារម្មណ៍ឱ្យបានស្ងប់ ជាពិសេសថែរក្សាសុខភាពឱ្យបានល្អ ដូចជាការគេង និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ ដើម្បីកុំឱ្យមានបញ្ហាអ្វីកើតឡើងមុន ឬក្នុងពេលប្រឡង។
– ចេះសង្ខេបមេរៀនដោយខ្លួនឯង និងរំលឹកមេរៀនពីដើមឆ្នាំមកវិញ តាមឯកសារមេរៀនសង្ខេប ដើម្បីកុំមានការភ្លេចភ្លាំងផ្សេងៗ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់ជូននូវសៀវភៅមេរៀនសង្ខេប ដើម្បីជាឯកសារជំនួយដល់ការរៀនសូត្រ និងផ្តល់នូវគន្លឹះសិក្សាមួយចំនួនដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសូមថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងជួយគាំទ្រលើវិស័យអប់រំនាពេលកន្លងមក ជាពិសេសសម្រាប់ស្រុកកងមាសនេះ និងសូមជូនពរដល់សិស្សានុសិស្សទាំងអស់ឱ្យទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងនាពេលខាងមុខនេះ៕