នាយឧត្តមសេនីយ៍ ស ថេត៖ មានសន្ដិភាព មានអ្វីៗគ្រប់យ៉ាង និងអំពាវនាវប្រជាពលរដ្ឋបន្ដរួមគ្នាថែរក្សាសន្ដិភាព
ភ្នំពេញ៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើងអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្ដិភាព ព្រោះមានសន្ដិភាព ទើបមានការអភិវឌ្ឍរីកចម្រើន និងមានអ្វីៗដូចសព្វថ្ងៃនេះ។
ក្នុងពិធីសម្ពោធឆ្លងក្លោងទ្វារ និងរបងថ្ម ព្រមទាំងសមិទ្ធផលនានាក្នុងវត្តសទ្ធារាម (ហៅវត្តគំនុំ) ស្ថិតនៅភូមិគំនុំ ឃុំស្មោងខាងត្បូង ស្រុកកំចាយមារ ខេត្តព្រៃវែង និងប្រគេនទៀនចាំព្រះវស្សា និងទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃ តាមបណ្តាវត្តទាំង ៣៩ ក្នុងស្រុកកំចាយមារ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល បន្ដរក្សានូវសុខសន្ដិភាព ទោះក្នុងតម្លៃណាក៏ដោយ ខណៈសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះ បានមកដោយការលំបាក។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា សព្វថ្ងៃនេះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើន និងមានសម្ភារប្រើប្រាស់កាន់តែទំនើប និងសំបូរបែបទាំងអស់នេះ ជាការបង្ហាញពីកត្តាសន្ដិភាព ហើយសន្ដិភាពសព្វថ្ងៃនេះ គឺជាការលះបង់សាច់ស្រស់ ឈាមស្រស់របស់វីរជនយុទ្ធជន ប្រជាជាតិខ្មែរ ដើម្បីតែបុព្វហេតុជាតិ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវប្ដេជ្ញាចិត្តការពារសន្ដិភាព ហើយប្រជាពលរដ្ឋរស់នៅដោយសន្ដិភាព និងគ្មានសង្គ្រាមកើតឡើង។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា នៅពេលបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏កំពុងបន្ដលើមាគាដ៏ត្រឹមត្រូវបន្ដពីរាជរដ្ឋាភិបាលនីតិកាលមុន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដើម្បីបន្ដការអភិវឌ្ឍលើគ្រប់វិស័យទាំងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្ដចូលរួមគោរពច្បាប់ចរាចរណ៍ និងអប់រំកូនចៅឲ្យជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ទន្ទឹមនោះ ក៏សូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព។
សូមជម្រាបថា សមិទ្ធផលដែលត្រូវបានសម្ពោធនៅពេលនេះ សរុបចំណាយក្នុងការសាងសង ក្លោងទ្វារ និងរបងថ្ម អស់ថវិកា ១៨៦,២៦០ដុល្លារ ស្មើនឹង ៧៤៥,០៤០,០០០រៀល ដែលថវិកាទាំងនេះ បានមកពីការរៃអង្គាស និងចូលរួមពីពុទ្ធបរិស័ទ្ធ ព្រមទាំង សប្បុរសជន ជិត ឆ្ងាយ រួមមាន៖
-ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ
-លោកឧកញ៉ា ហេង ឡុង អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំចាយមារ
-លោក ប៊ិន ជីវ័ន្ត អភិបាលស្រុកកំចាយមារ និងលោកស្រី និងថវិកា សប្បុរសជនជិតឆ្ងាយ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ៕