ឯកឧត្តមបណ្ឌិត ជីវ កេង អញ្ជើញនិវត្តន៍មកមាតុភូមិវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជាបានដឹកនាំគណៈប្រតិភូតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍តំបន់ដែលមានសមត្ថកិច្ចដែនដីជាប់ព្រំដែន, ប្រធានសាលាដំបូងខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ ត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបានចូលរួមក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម និងឡាវ លើកទី៧ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីក្រុងហូយអាន ខេត្តក្វាងណាម ប្រទេសវៀតណាម។
អង្គសន្និសីទនេះ បានបង្ហាញអំពីសមិទ្ធផលនៃការអនុវត្តសេចក្តីប្រកាសរួមលើកទី៦ នៅទីក្រុងវៀងច័ន្ទ ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព គួរជាទីមោទនៈ រួមមាន៖
១-ការបង្ការ ការបង្ក្រាប និងការជំនុំជម្រះក្តី លើបទល្មើសឆ្លងដែនបានជាច្រើន ដូចជាបទល្មើសគ្រឿងញៀន, ជួញដូរមនុស្ស, ព្រៃឈើ, ធនធានធម្មជាតិ និងបទល្មើសនេសាទ ដែលជាបទល្មើសបង្កឱ្យមានផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយនៅក្នុងសង្គម និងប៉ះពាល់ដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
២-ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់កាន់តែមានលក្ខណៈល្អប្រសើរឡើង។
៣-ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ តាមរយៈការអនុវត្តបច្ចេកវិទ្យាព័ត៌មាននៅក្នុងកិច្ចការតុលាការ។ ការកែទម្រង់នេះ គឺស្របតាម “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជាឆ្នាំ២០២២-២០៣៥” ដើម្បីពង្រឹងសមត្ថភាពបច្ចេកវិទ្យាព័ត៌មានដែលជាឧត្តមប្រយោជន៍ ក្នុងការលើកកម្ពស់នូវប្រសិទ្ធភាពនៃការផ្តល់នូវសេវាយុត្តិធម៌ ប្រកបដោយភាពឆាប់រហ័ស ងាយស្រួល សុក្រឹត គុណភាព និងតម្លាភាព។
ដោយយល់ឃើញពីភាពចាំបាច់ និងប្រសិទ្ធភាពក្នុងការអនុវត្តសេចក្តីប្រកាសរួមលើកទី៦ អង្គសន្និសីទបានឯកភាពចុះហត្ថលេខាលើសេចក្តីប្រកាសរួមលើកទី៧ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង៣ ជាបន្តទៀត ក្នុងគោលដៅធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាព និងសេចក្តីសុខសាន្ត របស់ប្រជាពលរដ្ឋតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសរៀងៗខ្លួន ៕