ឯកឧត្តម ណាប់ ប៊ុនហេង និងឯកឧត្តម ញ៉ែម សំអឿន នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៤០វត្ត ក្នុងខេត្តរតនគិរី
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកជំទាវ ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងប្រធានអុនប្រធានមន្ទីរជុំវិញខេត្ត បាននាំយកទៀនព្រះវស្សា ទេយ្យវត្ថុ ទេយ្យទានមួយចំនួនធំ និងបច្ច័យ ប្រគេនព្រះសង្ឃចំនួន៤០វត្ត ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ចាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ រៀងរាល់ឆ្នាំ។ ពិធីប្រគេនទៀនវស្សា និងទេយ្យទាននេះបានប្រារព្ធធ្វើនៅវត្ត ឦសាន្តរតនារាមហៅវត្តភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ក្នុងឱកាសនោះ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ទៀនព្រះវស្សា និងទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះ គឺសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ព្រះសង្ឃ ក្នុងរយៈពេលគង់ចាំព្រះវស្សាអស់ត្រីមាស នៅតាមទីវត្តអារាមនានា ដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ដោយរដូវវស្សាមានភ្លៀងធ្លាក់ជោគជាំ និងដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ជីដូនជីតា ញាតិការទាំង៧សណ្តាន និងជូនដល់វិញ្ញាណក្ខន្ធបុព្វបរុសខ្មែរ យុទ្ធជន យុទ្ធនារីខ្មែរ ទាំងឡាយ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិឱ្យបានទៅកាន់សុគតិភព និងចាប់បដិសន្ឋិនៅទីឋានដ៏គាប់ប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ដោយឡែកសម្រាប់ប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ បានចាត់ទុកទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនាប៉ុណ្ណោះទេ វាគឺជាទីកន្លែងសក្ការៈបូជារបស់បងប្អូនពុទ្ធបរិស័ទថែមទៀត គឺជាទីកន្លែងដែលប្រមូលផ្តុំនូវវប្បធម៌ និងជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សជាជង្រុក នៃមូលដ្ឋានគ្រឹះអក្សរសាស្ត្រជាតិ អរិយធម៌ វប្បធម៌ខ្មែរយើងយ៉ាងពិតប្រាកដមិនអាចខ្វះបានឡើយ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា យើងទាំងអស់គ្នាតែងតែគោរពប្រពៃណីសាសនាព្រះពុទ្ធ គឺព្រះសង្ឃត្រូវចូលកាន់ព្រះវស្សា ក្នុងរយៈពេលអស់មួយត្រីមាស ទើបឯកឧត្តម និងពុទ្ធបរិស័ទ បាននាំយកនូវទេយ្យវត្ថុដើម្បីវេរប្រគេនព្រះសង្ឃ សម្រាប់បូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីធម៌វិន័យ។ ចំពោះការប្រគេនទៀនព្រះវស្សានេះ គឺការប្រារព្ធធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម័យកាលយូរលង់ណាស់មកហើយ។ ពិធីចូលកាន់ព្រះវស្សានេះ គ្រប់វត្តអារ៉ាមទទួលបានការដង្ហែរទៀនចូលពីពុទ្ធបរិសទ័ដោយមិនកំណត់នោះឡេីយ ពោលគឺអាស្រយ័ចំណូលចិត្តរបស់ពុទ្ធបរិសទ័ដែលមេីលឃេីញកង្វះខាតរបស់វត្ត ពិសេសតម្រូវការចាំបាច់របស់ព្រះសង្ឃ។
សូមបញ្ជាក់ថា វត្តចំនួន៤០វត្តក្នុងខេត្តដែលថ្នាក់ដឹកនាំខេត្តរតនគិរី នាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេននាពេលនេះ ក្នុង១វត្តទទួលបាន៖ ទៀនវស្សា ១គូរ, អង្ករ ២បាវ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, អំបិល ១០គីឡូក្រាម, ប្រេងឆា ១ធុង, ស្ករស ៤គីឡូក្រាម, ប៊ីចេង ១គីឡូក្រាម និងបច្ច័យ ១០មុឺនរៀល។ ដោយឡែក ឯកឧត្តម ញ៉ែម សំអឿន និងលោកជំទាវ ក៏បានចូលបច្ច័យផ្ទាល់ខ្លួនបន្ថែមក្នុង១វត្ត ១០មុឺនរៀលផងដែរ ៕