ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញបិទវគ្គបំប៉នជំនាញដឹកនាំស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត
ភំ្នពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបំប៉នជំនាញដឹកនាំស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធានសេនាធិការ និងជាគ្រូបង្គោល លោកឧត្តមសេនីយ៍ទោស្នងការ ស្នងការរងរាជធានី-ខេត្តជាច្រើនរូបផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសូមកោតសរសើរដល់សិក្ខាកាមទាំងអស់ ដែលបានអត់ធ្មត់យកចិត្តទុកដាក់ខិតខំក្រេបយកចំណេះជំនាញ ដោយត្រងត្រាប់ស្តាប់ការពន្យល់របស់លោកគ្រូបង្គោលរយៈពេល៥ថ្ងៃកន្លងមកនេះ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង សង្ឃឹមថា លោក-លោកស្រី ស្នងការរងនគរបាលរាជធានី-ខេត្ត នឹងពង្រឹងសមត្ថភាពការងារបញ្ជាដឹកនាំជំនាញ លើកកម្ពស់ក្រមសីលធម៌ វិជ្ជាជីវៈតួនាទីភារកិច្ចរបស់ខ្លួនបន្ថែមទៀត។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ក៏បានណែនាំដល់លោក-លោកស្រី ស្នងការរងនគរបាលរាជធានី-ខេត្ត អំពីបទពិសោធន៍ក្នុងការដឹកនាំប្រតិបត្តិការឲ្យយមានប្រសិទ្ធភាព មេដឹកនាំត្រូវមានចំណុចធំៗ៣រួមមាន៖
ទី១-មានសមត្ថភាពដឹកនាំបញ្ជាកម្លាំង
ទី២-មានយុទ្ធសាស្រ្ត មានវិធីសាស្រ្ត ចេះក្តាប់និងបត់បែនតាមសភាពការណ៍
ទី៣-ដាច់ខាតត្រូវតែយល់ដឹងអំពីច្បាប់ យ៉ាងហោចណាស់មូលដ្ឋាន និងគោលការណ៍ច្បាប់ត្រូវតែដឹង។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹម ខឿន បានគូសបញ្ជាក់បថា ដើម្បីមានសមត្ថភាពបញ្ជាដឹកនាំកម្លាំង «មេដឹកនាំត្រូវមានទេពកោសល្យ បទពិសោធន៍ និងកិច្ចសហការ ជាពិសេសត្រូវយកបេះដូងទៅដឹកនាំកងកម្លាំង ត្រូវធ្វើជាគំរូគេ ត្រូវធ្វើឲ្យសមញ្ញ រួមគ្នាសហការជាមួយកូនចៅថ្នាក់ក្រោម រួមគ្នាដោះស្រាយបញ្ហា មានតម្លាភាព ត្រូវធ្វើជាឪពុកម្តាយគេ»។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានផ្តាំផ្ញើលោកស្នងការ លោក-លោកស្រីស្នងការរង អំពីវិធានការបង្ការ និងទប់ស្កាត់ គឺសំខាន់ណាស់ គឺត្រូវយកចិត្តទុកដាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលឲ្យបានល្អ ទោះមានកម្លាំងឬមិនមានកម្លាំងគ្រប់ក្តី ត្រូវរកវិធីសាស្រ្តទាញកម្លាំងមកជួយ ធ្វើយ៉ាងណាឲ្យមូលដ្ឋានប៉ុស្តិ៍រឹងមាំ សំដៅធានាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញការងារដឹកនាំដល់ស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត មានចំនួន៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ៕