កម្ពុជា-ចិន សម្រេចបង្កើត ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា និងច្រករបៀងមច្ឆា និងអង្ករ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូល និងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export ofTextiles-CCCT)។ ក្រុម ហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវ រងារ ស្បែកជើងក្រណាត់និងជ្រលក់ពណ៌សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការ ផលិតសូត្រ…។ល។ ។
ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ បានលើកឡើងថា នេះជាលើកទី២ ក្នុងរយៈពេលបីខែដែលឯកឧត្តមអគ្គលេខាធិការបាន ទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំដោយ CCCT ដែលនេះបង្ហាញពីឆន្ទះដ៏មោះមុតក្នុងការស្វែងរក ការបណ្តាក់ទុនវិនិយោគនៅកម្ពុជ ជាយ៉ាងពិតប្រាកដ។ ផ្តើមចេញពីក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនៃភាពជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ រដ្ឋាភិបាលនៃប្រទេសទាំងពីរ កម្ពុជា-ចិន ក៍បានសម្រេចបង្កើតនូវ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ដើម្បី ជំរុញបន្ថែមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
ឆ្លៀតនាឱកាសនោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងថា រំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយ ទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តមអគ្គលេខាធិការ ក៏បានបញ្ជាក់ផងដែរថា បច្ចុប្បន្នកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេស ចំនួន៤៤ ដែលក្នុងនោះតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមាន ២៨។ កម្ពុជាក៍មានរោងចក្រផលិត សំបកកង់រថយន្ត រោងចក្រផលិតក រោងចក្រផលិតសម្ភារៈបរិក្ខាអេឡិចត្រូនិក គ្រឿងសង្ហារឹម…។ល។ ដែលឧស្សាហកម្មទាំងនេះមានការវិនិយោគជាចង្កោម។
លោក ជាង ស៊ីអាន ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះឯកឧត្តមអគ្គលេខាធិការ និងសហការីដែលបានឆ្លៀតពេលវេលាដ៍មមាញឹកទទួលជួប ពិភាក្សាការងារ និងផ្តល់នូវព័ត៌មានដ៏សំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនសម្រេចចិត្ត។
លោកប្រធានគណៈប្រតិភូមានជំនឿជឿជាក់យ៉ាងមុតមាំថា បន្ទាប់ពីជំនួបពិភាក្សាការងារនាពេលនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្ដាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។
ឆ្លៀតក្នុងឱកាសនេះដែរ ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូល វត្ថុធាតុដើម ឬផលិតផលពាក់កណ្ដាលសម្រេច ដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស ឯកឧត្តមអគ្គលេខាធិការបានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅ កម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិត សម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុង ការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត ៕