លោកវេជ្ជបណ្ឌិត សុខ ប៉ូ៖ ការបរិច្ចាគឈាម ទទួលបានអត្ថប្រយោជន៍សម្រាប់ខ្លួនឯង សង្គមជាតិ និងបរមជាតិខាងមុខ
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានថ្លែងបែបនេះក្នុងកម្មវិធីបរិច្ចាគឈាមក្រោមប្រធានបទ «តំណក់ឈាម សង្រ្គោះជីវិត» កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានឡើយ ហើយថែមទាំងមានអត្ថប្រយោជន៍៣សំខាន់ដូចខាងក្រោម៖
១. អត្ថប្រយោជន៍ផ្ទាល់ខ្លួន
-ការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្តង ឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា៖ ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរក្សាការសម្ងាត់ជូន។
-ជួយកាត់បន្ថយផងដែរ នូវហានិភ័យនៃជំងឺមហារីកនានា។
-កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើម និងលំពែង។
-ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
-អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់វេជ្ជបណ្ឌិត ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។
«សូមចងចាំថាអ្នកដែលមានសុខភាពល្អទើបអាចធ្វើការបរិច្ចាគឈាមបាន»
២. អត្ថប្រយោជន៍សម្រាប់សង្គមជាតិ
ការចូលរួមជួយគ្នាក្នុងសង្គមជាតិគឺជាកាតព្វកិច្ចរបស់ពលរដ្ឋល្អ មហាជនទាំងអស់គ្នាចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ នេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក ”យុវជនយុវនារី ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ” ”ខ្មែរជួយខ្មែរ” ”ខ្មែរធ្វើបាន” ដែលជាភាសាបេះដូងមួយសម្រាប់យុវជនកម្ពុជាយើង។ «សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេល និងមិនអាចធ្វើបាន ដោយសារតែកត្តាអាយុ វ័យ និងជំងឺ»។
៣. អត្ថប្រយោជន៍សម្រាប់បរមជាតិខាងមុខ
ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ៩០%នៃប្រជាពលរដ្ឋរបស់យើងជាអ្នកកាន់ព្រះពុទ្ធសាសនា។ ជីដូនជីតា ឪពុកម្តាយរបស់យើង តែងតែធ្វើបុណ្យ ដាក់ទាន ជាប់ជាប្រចាំនៅគ្រប់កម្មវិធីសាសនាទាំងអស់ ការបរិច្ចាគឈាមជាការធ្វើទានដែលបានផលានិសង្ឃច្រើន នេះបើយោងតាមគម្ពីរត្រៃបិដក និងធម្មទេសនា ព្រះភិក្ខុវជិរប្បញ្ញោ គូ សុភាព។ ការបរិច្ចាគឈាម គឺស្ថិតនៅក្នុងទានកម្រិតទី២ ទានឧបរបារមី (១.ទានបារមី ២.ទានឧបរបារមី ៣.ទានបរមត្ថបារមី) ដែលយើងទាំងអស់គ្នាអាចធ្វើបាន ទោះបីគ្មានលុយកាក់ក៏ដោយព្រោះការបរិច្ចាគឈាមគឺជាការធ្វើទាន ដោយការលះបង់នូវកោសិការបស់ខ្លួន ដើម្បីជាគុណប្រយោជន៍ចាំបាច់ ជួយសង្គ្រោះជីវិតអ្នកជំងឺ។
«សូមចងចាំថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ» ៕