គណៈប្រតិភូអ៊ីស្រាអែលចូលរួមកិច្ចចរចាបទឈប់បាញ់ថ្មីនៅកាតា
ហ្សេរុយសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកក្កដាថា ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសកាលពីថ្ងៃអាទិត្យថា គណៈប្រតិភូអ៊ីស្រាអែល នឹងធ្វើទស្សនកិច្ចនៅកាតា នៅចុងសប្តាហ៍នេះ ដើម្បីបន្តការចរចារសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោសចំណាប់ខ្មាំង។
យោងតាមការិយាល័យរបស់គាត់បានឱ្យដឹងថា លោក Netanyahu បានធ្វើការពិភាក្សាដ៏វែងមួយកាលពីថ្ងៃអាទិត្យជាមួយសមាជិកនៃក្រុមចរចា និងមន្ត្រីសន្តិសុខជាន់ខ្ពស់ទាក់ទងនឹងចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួននៅក្នុងតំបន់ Gaza Strip។
គណៈប្រតិភូដែលដឹកនាំដោយប្រធាន Mossad លោក David Barnea នឹងមកដល់ទីក្រុង Doha នៅថ្ងៃព្រហស្បតិ៍ ហើយចូលរួមការចរចាដោយប្រយោលដែលសម្របសម្រួលដោយកាតា និងអេហ្ស៊ីប និងគាំទ្រដោយសហរដ្ឋអាមេរិក។
ការចរចារថ្មីត្រូវបានពន្យារពេលប្រហែលមួយសប្តាហ៍បន្ទាប់ពីក្រុមហាម៉ាសបានបញ្ឈប់ការចរចាក្នុងការតវ៉ាជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើ Khan Younis កាលពីថ្ងៃទី១៣ ខែកក្កដា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់។
កិច្ចចរចាមុនៗក្នុងប្រទេសកាតា រហូតមកដល់ពេលនេះបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះជាងប្រាំបួនខែនៅហ្គាហ្សា ដោយភាគីទាំងពីរបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះភាពជាប់គាំង។