ឧត្តមសេនីយ៍ត្រី ភើយ លំអង ត្រួតពិនិត្យកម្លាំងអន្តរាគមន៍សម្រាប់ជួយសង្គ្រោះ គ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង ព្រមទាំងលោកមេបញ្ជាការរង នាយសេនាធិការ លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការរង នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញត្រួតពិនិត្យកម្លាំងអន្តរាគមន៍ និងមធ្យោបាយ សម្ភារៈ គ្រឿងបំពាក់ ដើម្បីត្រៀមអន្តរាគមន៍ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមហន្តរាយធម្មជាតិផ្សេងៗ ដែលអាចកើតមានឡើងក្នុងភូមិសាស្រ្តអង្គភាពទទួលខុសត្រូវ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបាត់ដំបង។
លោកឧត្តមសេនីយ៍ត្រី ភើយ លំអង មេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមការស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍ការពារសន្តិសុខ សុវត្ថិភាព និងជួយសង្គ្រោះប្រជាពលរដ្ឋជួបគ្រោះមហន្តរាយ ឬយថាហេតុផ្សេងៗដែលកើតមានឡើងក្នុងភូមិសាស្រ្តទទួលខុសត្រូវ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចតាមផែនការ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួនដើម្បីដោះស្រាយជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕