សម្តេចតេជោ ហ៊ុន សែន៖ នៅកម្ពុជា អត់មានអ្នកទោសនយោបាយទេ គឺមានតែអ្នកនយោបាយប្រព្រឹទ្ធបទល្មើស និងមានទោសព្រហ្មទណ្ឌ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបញ្ជាក់ថា នៅកម្ពុជា អត់មានអ្នកទោសនយោបាយនោះទេ គឺមានតែអ្នកនយោបាយប្រព្រឹទ្ធបទល្មើស និងមានទោសព្រហ្មទណ្ឌ ។
ក្នុងឱកាសអញ្ជើញថ្លែងសារពិសេស ទៅកាន់បងប្អូនប្រជាពលរដ្ឋ ទាក់ទង នឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ (CLV) នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឃាត់ខ្លួនសកម្មជនខុសច្បាប់នាពេលកន្លងទៅនេះ គឺគ្មានជនណាមួយពាក់ព័ន្ធទៅនឹងរឿងបរិស្ថាននោះទេ ប៉ុន្ដែពួកគេសុទ្ធតែពាក់ព័ន្ធនឹងអំពើក្បត់ និងការប្រមាថព្រះមហាក្សត្រ ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា លោកគ្រូ២៣តុលា និងបុគ្គលម្នាក់ទៀតត្រូវបានអាជ្ញាធរធ្វើការឃាត់ខ្លួនហើយ បន្ទាប់ពីបុគ្គលនេះ និងបក្ខពួកនិយាយបំភ្លៃការ ពិតទាក់ទងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណរវាងកម្ពុជា ឡាវ និងវៀតណាម(CLV)។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។ កិច្ចព្រមព្រៀងស្ដីពីការដឹកញ្ជូនតាមផ្លូវគោក កម្ពុជា-វៀតណាម និងកម្ពុជាឡាវជាដើមមិនមែនជាការកាត់ដីឱ្យគេដូចជនជ្រុលនិយមបំពុលសង្គមនិយាយនោះទេ ៕
–