សម្តេចតេជោ មានបំណងចង់ទៅឈរ នៅតំបន់កន្ទុយនាគ ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា សម្តេចពិតជាចង់ទៅឈរ នៅតំបន់កន្ទុយនាគ (មុំ៣) ដែលជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ហើយសង្ឃឹមថា រាជរដ្ឋាភិបាល អាចសាងសង់ផ្លូវក្នុងខេត្តរតនគិរី ពីក្រុងបានលុង ទៅដល់តំបន់កន្ទុយនាគ ឲ្យបានឆាប់ៗ។
ក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធតំបន់អភិវឌ្ឍន៍ត្រីកោណ CLV នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំសង្ឃឹមថា រាជរដ្ឋាភិបាលនឹងបន្ដការខិតខំ ដើម្បីកសាងនៅផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្ដរតនគិរី នៅកាន់មុំ៣ ហើយនៅពេលនោះ គឺខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមថា ខ្ញុំព្រះករុណាខ្ញុំនៅរស់ ហើយនឹងធ្វើដំណើរ ទៅកាន់ទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ផ្លូវនេះ ហៅថា ផ្លូវលេខ៧៨.៥ ពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ទៅដល់កន្ទុយនាគ ដែលមានប្រវែងជាង១៦៦គីឡូម៉ែត្រ ហើយមានទទឹង៩ម៉ែត្រ ដែលយើងនឹងប្រឹងប្រែងរកថវិកា ដើម្បីធ្វើផ្លូវនេះឲ្យបាន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំព្រះករុណាខ្ញុំ ពិតជាចង់ណាស់ ទៅឈរជើងនៅមុំ៣នេះ។
លើសពីនោះទៀត សម្តេចតេជោ បានបន្ថែមថា បើសិនជារាជរដ្ឋាភិបាល ធ្វើបានផ្លូវនេះមួយទៀត ផ្លូវដែលវៀតណាម បានជួយស្ថាប័នផ្លូវជាតិលេខ៧៨ ពីអូយ៉ាដាវ ទៅកាន់ក្រុងបានលុង ដែលសម្ដេចជាមួយនឹងអតីតនាយករដ្ឋមន្ដ្រីវៀតណាម ទៅសម្ពោធបើកច្រកទ្វារអន្ដរជាតិ នៅទីនោះ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការសម្ពោធបើកច្រកទ្វារអន្ដរជាតិនេះ បានបង្កភាពងាយស្រួលសម្រាប់កម្ពុជា ក្នុងការនាំចេញទំនិញទៅប្រទេសវៀតណាម ហើយឆ្លងកាត់ធ្វើការនាំចេញ ដោយមិនកង្វល់ ក្នុងការដឹកជញ្ជូនថយក្រោយ ដែលចម្ងាយផ្លូវក៏ឆ្ងាយ និងត្រូវអស់ថ្លៃដឹកជញ្ជូន។
សូមជម្រាបជូនថា តំបន់កន្ទុយនាគ (មុំ៣) គឺជាចំណុចប្រសព្វគ្នា នៃព្រំដែនកម្ពុជា ឡាវ និងវៀតណាម ៕