រដ្ឋមន្ត្រីក្រសួងផែនការ ជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយសហការីក្រសួងផែនការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋលេខាធិការ លោកអគ្គនាយករង លោកនាយករងសាលាជាតិផែនការ និងស្ថិតិ លោកអនុប្រធាននាយកដ្ឋាន ប្រតិភូអមដំណើរ នៃក្រសួងផែនការ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ អញ្ជើញចូលរួម។
ជាកិច្ចចាប់ផ្ដើម លោក យ៉ែម ឆន ប្រធានមន្ទីរផែនការខេត្តកំពង់ស្ពឺ បានអញ្ជើញថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបគោរពជូនគណៈអធិបតី និងអង្គពិធីទាំងមូល។ មានខ្លឹមសារជារួម លោកប្រធានមន្ទីរបានលើកឡើងអំពី៖ (១).ស្ថានភាពទូទៅនៃខេត្តកំពង់ស្ពឺ, (២).រចនាសម្ព័ន្ធនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ, (៣).បញ្ហាប្រឈម និង(៤).សំណូមពរ។
មានមតិសំណេះសំណាលក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ដែលបាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់ក្រោមដំបូលសន្តិភាព ដើម្បីបន្តថែរក្សានិងអភិវឌ្ឍជាតិមាតុភូមិ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា។
មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពោលគឺ “ការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច”។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ស្ដីអំពី កំណែទម្រង់ ៩៩% “រស់” ១% “ស្លាប់” ផ្ទុយទៅវិញបើមិនកែទម្រង់ ១% “រស់” ៩៩% “ស្លាប់”។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវបទពិសោធន៍ វិធីសាស្ត្រ សមិទ្ធផល និងវឌ្ឍនភាពនានារបស់ក្រសួងផែនការ ដែលសម្រេចបានក្នុងរយៈពេលជាង ១១ខែកន្លងមក។
បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងរំលឹកនិងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ ក្នុងការបន្តកសាងសមត្ថភាព អនុវត្តតួនាទីភារកិច្ចប្រកបដោយស្មារតីបុរេសកម្ម សាមគ្គីភាព និងអនុវត្តតាមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ គឺ “រក្សាចាស់ បង្កើតថ្មី”។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកនូវទស្សនៈជុំវិញនិន្នាការពិភពលោក បញ្ហាប្រឈម និងកាលានុវត្តភាពរបស់កម្ពុជា ព្រមទាំងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ និងលើកទឹកចិត្តដល់ការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹង ការកសាងសមត្ថភាពនិងប្រមូលផ្ដុំធនធានមនុស្ស សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិឆ្ពោះទៅកាន់ការរីកចម្រើនរុងរឿងតរៀងទៅ។
មុននឹងដំណើរនិវត្តន៍ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជួប និងសំណេះសំណាលផ្ទាល់ ជាមួយមន្ត្រីរាជការនៃការិយាល័យជំនាញនានា នៅក្នុងមន្ទីរផែនការ ព្រមទាំងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តកំពង់ស្ពឺ។ ពិធីនេះបានបញ្ចប់ ក្នុងបរិយាកាសរីករាយប្រកបដោយភាពស្និទ្ធស្នាលជាទីបំផុត ៕