មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យស្ថានភាពទឹកតាមបណ្តាអាងទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តព្រៃវែង
ភ្នំពេញ៖ នៅថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារសម្របសម្រួលធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង អមដំណើរដោយឯកឧត្តមអនុប្រធានក្រុមការងារ និងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន និងការងារបង្កបង្កើនផលស្រូវរដូវវស្សា ស្ថិតក្នុងភូមិសាស្រ្តខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ដោយមានកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានអញ្ជើញចុះពិនិត្យជាក់ស្តែងនៅ៖ ទី១)ប្រព័ន្ធធារាសាស្រ្តប្រមូលដុំ ស្ថិតក្នុងឃុំស្មោងជើង ស្រុកកំចាយមារ ដែលបម្រើដល់ការស្រោចស្រពស្រូវរដូវស្សាចំនួន ៧៥០ហិកតា និងទី២)ប្រព័ន្ធធារាសាស្រ្តទំនប់ចារ ស្ថិតក្នុងឃុំជាច ស្រុកកំចាយមារ ដែលបម្រើដល់ការស្រោចស្រពស្រូវរដូវវស្សាចំនួន ២៣៤០ហិកតា។
ជាមួយគ្នានេះដែរ ក្រុមការងារក៏បានបន្តពិនិត្យប្រព័ន្ធធារាសាស្រ្តទំនប់ស្ទឹងជោរ ស្ថិតក្នុងឃុំក្រញូង ស្រុកកំចាយមារ ដែលក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងបានធ្វើការជួសជុលទ្វារទឹកដែលពុកធ្លាយមិនអាចរក្សាទឹកទុកបាន ដោយកាត់សន្ទះដែកដែលពុកចេញ និងដាក់បន្ទះដែកថ្មីផ្សារភ្ជិតកុំឱ្យទឹកហូរចេញ បញ្ចៀសការខ្វះទឹកសម្រាប់ប្រើប្រាស់នៅរដូវប្រាំង។ ការជួសជុលប្រើរយៈពេលបីថ្ងៃពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់រួចរាល់១០០%។ ប្រព័ន្ធធារាសាស្រ្តនេះបម្រើដល់ការស្រោចស្រពស្រូវរដូវវស្សាចំនួន ២០០០ហិកតា ។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ស្ថានភាពជាទូទៅខេត្តព្រៃវែងរហូតមកដល់បច្ចុប្បន្ននេះ ក្នុងរដូវវស្សាគឺមិនទាន់មានបញ្ហាប្រឈមនឹងការខ្វះទឹក និងជំនន់ទឹកភ្លៀងនោះទេ។ ចំណែកការងារបង្កបង្កើនផលស្រូវរដូវវស្សាសម្រេចបានចំនួន ២៥១.៣៤៥ហិកតា ស្មើនឹង១០០,៥៤% នៃផែនការចំនួន ២៥០.០០០ហិកតា ៕