ក្រសួងការងារ និងក្រុមហ៊ុនបច្ចេកវិទ្យា Yalong ស្វែងរកកិច្ចសហការដើម្បីបង្កើនផលិតភាពការងារតាមរយៈការបំពាក់បច្ចេកវិទ្យាទំនើបលើការបណ្តុះបណ្តាលជំនាញ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃពុធ ទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Chen JiQuan ប្រធានក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងកសាងធនធានមនុស្សកម្ពុជាលើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីផលិតធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពការងារខ្ពស់ដែលជាផ្នែកការទាក់ទាញការវិនិយោគបន្ថែមទៀតមកកម្ពុជា។
ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបដើម្បីឱ្យពលរដ្ឋកម្ពុជា មានជំនាញជាក់លាក់ពិតប្រាកដ និងស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យានាពេលបច្ចុប្បន្នដែលជាគន្លឹះយ៉ាងសំខាន់ក្នុងការបង្កើនផលិតភាពនៃកម្លាំងពលកម្មកម្ពុជាក្នុងទីផ្សារ និងជាការប្រែក្លាយឱ្យកម្ពុជាក្លាយជាគោលដៅដ៏ទាក់ទាញនៃការវិនិយោគបន្ថែមទៀតពីសំណាក់វិនិយោគិនបរទេស។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីចូលរួមក្នុងការសម្រេចទិសដៅដ៏ពិសិដ្ឋនេះ ការបំពាក់បច្ចេកវិទ្យាទំនើបនៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស គឺជាកិច្ចការចាំបាច់ដែលទាមទារឱ្យមានកិច្ចសហការជាមួយដៃគូពីវិស័យឯកជនដែលមានបច្ចេកវិទ្យាទំនើបដើម្បីធានាពីប្រសិទ្ធភាព និងប្រសិទ្ធផលដែលនឹងឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោក Chen JiQuan ក៏បានគាំទ្រចំពោះឆន្ទៈនៃការធ្វើទំនើបកម្មរបស់ក្រសួងការងារដើម្បីបង្កើនផលិតភាពការងារជូនប្រជាពលរដ្ឋកម្ពុជាឱ្យស្របទៅនឹងតម្រូវការទីផ្សារដែលផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយដែលជាគន្លឹះក្នុងការទាក់ទាញវិនិយោគិន។
យ៉ាងណាក៏ដោយ ដើម្បីឈានដល់កិច្ចសហការជាផ្លែផ្កា ភាគីទាំងពីរបានឯកភាពក្នុងការសិក្សា និងស្វែងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតដើម្បីជំរុញលើការពង្រឹងសមត្ថភាពលើការកសាងធនធានមនុស្សកម្ពុជាឱ្យមានផលិតភាពកាន់តែខ្ពស់តាមរយៈបច្ចេកវិទ្យាទំនើប ៕