រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស។
សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសហៅថា (អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩) ត្រូវបានចុះហត្ថលេ ខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដា ក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជួនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភាឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកាឆ្នាំ២០០៣ ហើយគិតត្រឹមខែកក្កដាឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន១៣៩ប្រទេសហើយ។
ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា បង្ហាញពីសុច្ឆន្ទៈនិងកិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្ដិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិនិងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ ធានាជំរុញទាក់ទាញវិនិយោគនិងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទំាងការតភ្ជាប់វប្បធម៌រវាងប្រជាជននិងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាសនិងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។
សម័យប្រជុំរដ្ឋសភា បានពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ មានសារៈសំខាន់នេះ មួយមាត្រាម្តងៗ និងបានអនុម័តជាឯកច្ឆន្ទ លើសេចក្តីព្រាងច្បាប់ទំាងមូល។
ក្រោយពីអនុម័តសេចក្តីព្រាងច្បាប់ខាងលើ ចប់សព្វគ្រប់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រកាសបិទសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧។ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ដែលបានដំណើរការតំាងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះមានរយៈលើសបីខែ។ តាមរដ្ឋធម្មនុញ្ញនិងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា បានចែងអំពីសម័យប្រជុំនីមួយៗមានថិរវេលាយ៉ាងតិចបីខែ។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ក៏បានបង្ហាញជូនអង្គសភា អំពីលទ្ធផលសំខាន់ៗ ដែលរដ្ឋសភាសម្រេចបាននៅក្នុងរយៈពេលជាង៣ខែមកនេះ ជាពិសេសការបំពេញមុខងារសំខាន់ៗរបស់រដ្ឋសភា ដូចជាការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ ភាពតំណាងពលរដ្ឋ និងការងារការទូតសភាជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសមាជិកសមាជិកាដ៏ឧត្តុង្គឧត្តមរដ្ឋសភា ដែលបានបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្មនាពេលកន្លងមក។
សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តជូនដល់សមាជិកសមាជិកាទំាងអស់បន្តអនុវត្តភារកិច្ច បំពេញឱ្យបានសម្រេចជាលទ្ធផលបន្តបន្ទាប់លើមុខងារសំខាន់ៗរបស់តំណាងរាស្រ្ត ឱ្យបានសកម្ម និងជាប់ជាប្រចាំដោយយកផលប្រយោជន៍ប្រជាពលរដ្ឋជាស្នូល៕