អគារសិក្សា ១ខ្នង ៤បន្ទប់ ស្ថិតនៅសាលាបឋមសិក្សាពង្រ ក្នុងស្រុកអូរជ្រៅ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
ភ្នំពេញ៖ អគារសិក្សា ១ខ្នង ៤បន្ទប់ ដែលចំណែកថវិកាសរុបចំនួន១១៤,៣៨៥.២៥ដុល្លាសហរដ្ឋអាមេរិក ស្ថិតនៅសាលាបឋមសិក្សាពង្រ ឃុំសឹង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា ត្រូវបានឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិតីភាពសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីលោក ចាង ដុងវង នាយកអង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា លោក លី សុវណ្ណារឹទ្ធ អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន.អនុប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការងគ្រប់កង ឯកភាព មន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ថ្ងៃព្រហស្បត្តិ៍ទី៤ ខែកក្កដា ឆ្នាំ២០២៤។
លោកកែវ តារារស្មី អភិបាលស្រុកអូរជ្រៅ បានឡើងមានមតិរាយការណ៍ថា៖ក្នុងស្រុកអូរជ្រៅមានវិទ្យាល័យ ចំនួន ២កន្លែង អនុវិទ្យាល័យ ៦កន្លែង បឋមសិក្សា ៣១កន្លែង មានអាគារសរុបចំនួន ១០៩ខ្នង ស្មើនិង៤៥៤បន្ទប់ លោកគ្រូអ្នកគ្រូសរុបចំនួន ៣៩៧នាក់ ស្រី ១៩៤នាក់ ក្នុងនោះកិច្ចសន្យាចំនួន ៩០នាក់ ស្រី ៦២នាក់ មានសិស្សា នុសិស្សសរុបចំនួន១១.១៩៩នាក់ស្រី៥.៥៨២នាក់។
លោក អភិបាលស្រុកអូរជ្រៅ បានបន្តថា៖ អគារសិក្សា ១ខ្នង ៤បន្ទប់ មានទំហំបណ្តោយសរុប ៣២ម៉ែត្រ ទទឹង៩ម៉ែត្រ ព្រមទាំងបំពាក់បរិក្ខាដូចជា ទុក្ខគ្រូ តុសិស្ស និងក្តាខៀន ដែលបានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានបញ្ចប់ការសាងសង់នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៤ ដោយចំណាយថវិកាសរុបចំនួន ១១៤.៣៨៥,២៥ដុល្លាសហរដ្ឋអាមេរិក ក្រោមជំនួយឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង ក្នុងនោះមានទុនចូលរួមរបស់សហគមន៍ចំនួន៤.៣៨៥,២៥ដុល្លាផងដែរ។
ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម អ៊ុំ រាត្រី បានកោតសរសើរ និងថ្លែងនូវអំណរគុណ ដល់អង្គការហ្គូដណេប៊ឺសកម្ពុជា ប្រចាំប្រទេសកម្ពុជា ដែលបានឧបត្ថម្ភអគារសិក្សានាឱកាសនេះដែលជាជំនួយឧបត្ថម្ភដ៍ថ្លៃថ្លាវាបានបង្ហាញអំពីទឹកចិត្តសប្បុរសដ៍ល្អក្នុងការបរិច្ចាកធនធានមួយ ក្នុងការផ្តល់ជាប្រយោជន៍ដល់សិស្សានុសិស្ស នៅក្នុងសហគមន៍ ស្របតាមទិសដៅកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា គឺទី១.សមធម៌នៃការចូលរៀន, ២.គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំ និងទី៣.ការកសាងសមត្ថភាព និងការអភិវឌ្ឍស្ថាប័ន ដែលកំពុងផ្តោតទៅលើវិធានការនានា ដើម្បីជម្រុញឱ្យមាតា បិតា សិស្ស ក្នុងសហគមន៍ ចូលរួមកាន់តែច្រើនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍សាលារៀន ក្នុងការលើកកម្ពស់គុណភាពនៃការសិក្សារបស់សិស្សនៅគ្រប់កម្រិត។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ត្រូវចូលរួមថែទាំសាលាអោយបានជាប់គង់វង្សយូរអង្វែង និងធ្វើការជម្រុញកូន ចៅ ឲ្យមករៀនគ្រប់ៗគ្នា និង ណែនាំពួកគេឲ្យធ្វើខ្លួនជាសិស្សល្អ កូនល្អ កុំប្រព្រឹត្តនូវទង្វើអ្វីដែលសង្គមស្អប់ខ្ពើម ដូចជាក្រុមបងតូច បងធំ ក្មេងទំនើង និងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ផងដែរ៕