ឯកឧត្ដម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរពាក់ព័ន្ធ ឲ្យបន្តខិតខំចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព
ស្ទឹងត្រែង៖ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ឲ្យបន្តសកម្មភាពយុទ្ធនាការបង្ការ ទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម ធ្វើយ៉ាងណាដើម្បីកាត់បន្ថយបទល្មើសគ្រឿងញៀន ។
ឯកឧត្ដម សរ សុពុត្រា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាក់ប្រាប់អង្គភាព HOT News Asia នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ក៏បានចេញបញ្ជាដល់អាជ្ញាធរពាក់ពន្ធ័ទាំងអស់ ត្រូវបន្តខិតខំអនុវត្ត ចុះបង្រ្កាបគ្រឿងញៀនគ្រប់រូបភាព សំដៅធ្វើយ៉ាងណាដើម្បីឲ្យការងារមួយនេះ ទទួលបានលទ្ធផលកាន់ល្អប្រសើរឡើងថែមទៀត។
ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានជម្រុញដល់ អាជ្ញាធរមូលដ្ឋាន ក្រុងស្រុក ទាំងអស់ ត្រូវធ្វើការផ្សព្វផ្សាយអំពីឥទ្ធិពលបញ្ហាគ្រឿងញៀន ក៏ដូចជាគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីឲ្យប្រជាពលរដ្ឋនិងយុវវ័យ យល់ដឹងអំពីផលប៉ះពាលដល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិទាំងមូល។
ថ្លែងដោយសង្កត់ធ្ងន់បន្ថែមទៀតនោះ ឯកឧត្ដម សរ សុពុត្រា បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ កុំឲ្យពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឱ្យសោះ ដោយត្រូវនិយាយថាទេចំពោះគ្រឿងញៀន ។ ឯកឧត្ដមថា ច្បាប់គ្មានការយោគយល់ ឬលើកលែងឡើយ ហើយកាលណាមានសារធាតុញៀន ក្នុងខ្លួននោះសង្គមក៏ស្អប់ខ្ពើម ពលរដ្ឋក៏ស្អប់ខ្ពើម ហើយគ្រួសារខ្លួនឯងក៏មានការស្អប់ខ្ពើមផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមសហការគ្នាឲ្យបានជិតស្និទ្ធក្នុងការ ចុះបង្ក្រាបនូវបទល្មើសផ្សេងៗជាពិសេសបញ្ហាគ្រឿងញៀនធ្វើយ៉ាងណាដើម្បីទទួលបានប្រសិទ្ធភាពល្អ ក្នុងការបង្ក្រាប នៅបទល្មើសទាំងអស់នោះ មិនឱ្យជនដៃដល់ ក៏ដូចជាជនបង្កមានការដឹងខ្លួនមុន។
ជាក់ស្ដែងតាមរយៈបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម សរ សុពុត្រា កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួនលោក ចែម ផានិត នាយការិល័យប្រឆាំងគ្រឿងញៀនខេត្តម្នាក់ និងនាយរងនគរបាលការិយាល័យគ្រឿងញៀនស្ទឹងត្រែង ២នាក់ទៀត ដកហូតបានគ្រឿងញៀនមួយចំនួន ប្រាក់ដុល្លាអាមេរិកសុទ្ធ ៤ម៉ឺនដុល្លារ និងប្រាក់ដុល្លារក្លែងក្លាយជាង ១៧ម៉ឺនដុល្លារ ។ ប្រតិបត្តិការនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២៤ នៅចំណុចផ្ទះនាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្ទឹងត្រែង ស្ថិតនៅផ្លូវទំនប់បេតុងភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្ទឹងត្រែង នាថ្ងៃទី២៤ កក្កដា បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូងខេត្តស្ទឹងត្រែង បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៥០ ចុះថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង ពាក់ព័ន្ធនឹងនាយការិយាល័យ និងនាយរង ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន។ នៅក្នុងសំណុំរឿងខាងលើនេះ បានឃាត់ខ្លួនជនត្រូវចោទសរុបចំនួន៩នាក់ ដែលត្រូវបានធ្វើការចោទប្រកាន់រួមមាន៖
១-ជនត្រូវចោទជានាយការិយាល័យ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ៖ ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ប្រព្រឹត្តនៅ ភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៤០ មាត្រា៤២ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ២០ នៃច្បាប់ស្តីពីការត្រួតពិនិត្យជាតិផ្ទុះ (ឃុំខ្លួន) ។
២-ជនត្រូវចោទជានាយរងការិយាល័យចំនួន ២ (ពីរ) នាក់ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ៖ សមគំនិត ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិរាជានុកូល សង្កាត់-ក្រុង-ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន (ឃុំខ្លួន) ។
៣-ជនត្រូវចោទចំនួន ៦(ប្រាំមួយ) នាក់ ត្រូវដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ៖ លួច កាន់កាប់អាវុធកែច្នៃ និង ជួញដូរ ចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឬរក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចស្រែសំគង់ ស្ថិតនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុង-ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ មាត្រា៣៥៦ នៃក្រមព្រហ្មទណ្ឌ មាត្រា២០ នៃច្បាប់ស្តីពីអាវុធជាតិផ្ទុះ មាត្រា៤០ មាត្រា៤២ មាត្រា ៤៤ មាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង ញៀន (ឃុំខ្លួន) ។
ចំពោះវត្ថុតាងដែលបានដកហូតពីនាយការិយាល័យ និងនាយរងការិយាល័យរួមមាន គ្រឿងញៀនប្រភេទមេតំ ហ្វេតាមីន(ICE) ទម្ងន់៣,១៧ក្រាម វត្ថុសង្ស័យក្រាមពណ៌សថ្លា ចំនួន១កញ្ចប់ ដើមកញ្ជាស្ងួតចំនួន១ កញ្ចប់តូច ក្បាលបារីអេឡិចត្រូនិចចំនួន៧ដើម ទូរស័ព្ទចំនួន៥គ្រឿង រថយន្តម៉ាក HILANDER ចំនួន ១គ្រឿង ប្រាក់ដុល្លារអាមេរិក ចំនួន ៤០.០០០ (បួនម៉ឺន) កាំភ្លើងម៉ាក ISG SAUE ចំនួន១ដើម គ្រាប់កាំភ្លើងចំនួន៣៤គ្រាប់ និងក្រដាសប្រាក់ដុល្លារ (លុយសែន) ចំនួន ១៧៨.១០០(មួយសែនប្រាំពីរម៉ឺនប្រាំបីពាន់មួយរយ) ដុល្លារ។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភស្តុតាងរួចមក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្ទឹង ត្រែង បានសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នលើជនត្រូវចោទចំនួន ៩នាក់ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៦៩៩/២៤ ៧០១/២៤,៧០៣/២៤, ៧០៥/២៤, ៧០៧/២៤, ៧០៩/២៤ ៧១១/២៤, ៧១៣/២៤ និង ៧១៥/២៤ ចុះថ្ងៃទី
២៣ ខែកក្កដា ឆ្នាំ២០២៤ និងបន្តការស៊ើបសួរតាមនីតិវិធីច្បាប់ ៕