សាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ចុះ MOU ជាមួយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា និងជាមួយអង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ
ភ្នំពេញ៖ ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ ជាមួយអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា និងជាមួយអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។
សាលាជាតិរដ្ឋបាលមូលដ្ឋាន តំណាងដោយ ឯកឧត្តម សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា តំណាងដោយ លោក សឿង សារឿន នាយកប្រតិបត្តិ និងអង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តំណាងដោយលោក សុន ពេញ នាយកប្រតិបត្តិ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមករវាងសាលាជាតិរដ្ឋបាលមូលដ្ឋាននិងអង្គការទាំងពីរ លើការសិក្សាអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំណុះសាលាជាតិរដ្ឋបាលមូលដ្ឋាន ថ្នាក់ដឹកនាំ និងបុគ្គលិកអង្គការទាំងពីរ សរុបប្រមាណ៦១រូប ៕