ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណបក្សកុម្មុយនីស្ត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក៏បានប្រគល់សារលិខិតរំលែកមរណទុក្ខ គោរពជូន ឯកឧត្តម ឡាយ សួនឈាន អគ្គកុងស៊ុល សាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ដោយបានគូសបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ពិតជាមានក្តីរន្ធត់ និងក្រៀមក្រំចិត្តឥតឧបមាដោយបានទទួលដំណឹងថា ឯកឧត្តម ង្វៀន ហ្វូទ្រុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានទទួលមរណភាពកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ។
ការទទួលមរណភាពរបស់ ឯកឧត្តមអគ្គលេខាធិការ គឺជាការបាត់បង់ដ៏ធំធេងនូវមគ្គុទេសក៍ដ៏ឆ្នើមមួយរូបរបស់ប្រជាជន និងបក្សកុម្មុយនីស្តវៀតណាម ដែលកន្លងមកឯកឧត្តម ធ្លាប់បានតស៊ូពុះពារដឹកនាំសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្លងកាត់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាងនៅក្នុងដំណើរការបង្រួបបង្រួម កសាង និងអភិវឌ្ឍប្រទេសជាតិ រហូតទទួលបានវឌ្ឍនភាព និងកិត្យានុភាពគួរឱ្យស្ញប់ស្ញែងដូចបច្ចុប្បន្ននេះ។ គុណបំណាច់ និងស្នាដៃរបស់ ឯកឧត្តម ង្វៀន ហ្វូទ្រុង បន្សល់ទុកនឹងក្លាយជាកេរ្តិ៍តំណែលដ៏មានតម្លៃដែលបានកត់ត្រានូវគំរូវីរភាព និងការលះបង់ដ៏ធំធេង ដើម្បីបុព្វហេតុជាតិ និងប្រជាជនវៀតណាម។
ជាមួយនឹងសមានទុក្ខដ៏សែនក្រៀមក្រំបំផុតនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន តូចុង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។សូម ឯកឧត្តមអគ្គកុងស៊ុល មេត្តាទទួលនូវការគោរព និងការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា ៕