ក្រសួងឧស្សាហកម្ម នឹងបង្កើតក្រុមការងារចុះពិនិត្យគុណភាព«ទឹកស្អាត»របស់ប្រតិបត្តិករ
ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបង្កើតក្រុមការងារចុះពិនិត្យ គុណភាពទឹក នៅតាមទីតាំងចែកចាយទឹកស្អាតទូទាំងប្រទេស។ នេះជាការលើកឡើង របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្ទាប់ពីទទួលបានព័ត៌មានពីមន្រ្តី អគ្គនាយកដ្ឋានទឹកស្អាត ថា ការផលិតទឹកស្អាតរបស់ប្រតិបត្តិករសព្វថ្ងៃ ពុំទាន់មាន ស្ដង់ដារគ្រប់គ្រាន់ និងភាពប្រថុយប្រថាន។
នៅក្នុងកម្មវិធី «ទិវាទឹកស្អាត» កាលពីថ្ងៃទី២៤ ខែកក្កដា ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា ក្រសួងឧស្សាហកម្ម ត្រូវការចុះវាយតម្លៃលើប្រតិបត្តិករ ដែលទទួលបានអាជ្ញាបណ្ណ អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត ដើម្បីស្វែងរកបញ្ហាប្រឈម និងធានាបានការគ្រប់គ្រងទឹកស្អាត ប្រកបគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ដែលឆ្លើយតបទៅនឹងតម្រូវការ របស់ពលរដ្ឋ ជាពិសេសបណ្ដារោងចក្រ សហគ្រាស ដែលកើនឡើងជាបន្តបន្ទាប់។
បើតាមឯកឧត្តមរដ្ឋមន្រ្តី បញ្ហាប្រឈមរបស់ប្រតិបត្តិករមួយចំនួនធំ គឺហិរញ្ញវត្ថុ ដែលជាផ្នែកមួយបង្អាក់លទ្ធភាពពង្រីកសេវាកម្ម និងគុណភាពទឹកស្អាតរបស់ពួកគេ។ កន្លងមក រដ្ឋបានអនុគ្រោះ និងបណ្ដោយឱ្យប្រតិបត្តិករមួយចំនួន អាចចែកចាយទឹកស្អាតបានដោយគ្មានអាជ្ញាបណ្ណ និងមិនមានហេដ្ឋារចនាសម្ព័ន្ធ ឬលក្ខខណ្ឌស្ដង់ដារគ្រប់គ្រាន់។
ជុំវិញបញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ថា គួរតែដល់ពេលកែសម្រួលហើយ។ ការបង្កើតក្រុមការងារត្រួតពិនិត្យនេះ មិនមែនជាការដាក់បន្ទុកដល់ប្រតិបត្តិករនោះទេ តែជាការចុះតាមដាន ក្នុងគោលបំណងស្វែងរកបញ្ហាប្រឈម ដើម្បីឈានទៅរកដំណោះស្រាយឱ្យកាន់តែប្រសើរឡើង។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានថ្លែងថា ឥឡូវ យើងកំពុងប្រឈមបញ្ហា ព្រោះថានៅតំបន់ឧស្សាហកម្ម ចាប់ផ្ដើមរអ៊ូរទាំពាក់ព័ន្ធគុណភាពទឹក ដែលសេវាករយើងអត់ទាន់ឆ្លើយតបបាន ទាំងគុណភាពមិនល្អ និងបរិមាណទឹកមិនគ្រប់គ្រាន់។ ក្រសួង នឹងខិតខំបង្កើតក្រុមការងារចុះទៅវាយតម្លៃ ហើយនេះមិនមែនជាការចាប់ទោសអូសដំណើរនោះទេ ប៉ុន្តែប្រសិនបើបងប្អូន(ប្រតិបត្តិករ) ឈឺអី រដ្ឋត្រូវដឹង។ មិនមែនទាល់ បងប្អូនដួលរលំហើយ បានរដ្ឋដឹងគឺមិនកើតទេ ព្រោះសេវាទឹកនេះ ដាច់តែមួយថ្ងៃមិនបាន ផង។
បើយោងតាមការចុះធ្វើអធិការកិច្ច របស់អគ្គនាយកដ្ឋានទឹកស្អាត ក្នុងចំណោមប្រតិបត្តិករកម្រិតជាតិ និងក្រោមជាតិចំនួន២៦៦ មានតែ១៣ភាគរយប៉ុណ្ណោះ ដែលអនុលោមតាមបច្ចេកទេស ទាំងការដំឡើង ប្រត្តិបត្តិ គុណភាពទឹក និងគុណភាពសេវាកម្ម។ ស្ថានភាពប្រតិបត្តិករឯកជនភាគច្រើន មិនមានឧបករណ៍ត្រួតពិនិត្យគុណភាពទឹកគ្រប់គ្រាន់, ការដាក់សារធាតុគីមីដើម្បីឱ្យថ្លាតាមការប៉ាន់ស្មាន ឬតាមទម្លាប់, ការពង្រីកបណ្ដាញចែកចាយមិនបានត្រឹមត្រូវ, មិនមានបុគ្គលិកជំនាញ និងខ្វះខាតឧបករណ៍សម្ភារផ្សេងៗ។ ការណ៍នេះ ធ្វើឱ្យការផលិតទឹកស្អាតរបស់ពួកគេ មានភាពប្រថុយប្រថាន ព្រមទាំងរាំងស្ទុះដល់ដំណើរការផ្គត់ផ្គង់ទឹកស្អាតផងដែរ ៕