រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រឡាយមេចារឹក (MC2) ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់
ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដំណើរចុះបំពេញបេសកកម្មនៅខេត្តបាត់ដំបង នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារឡើងវិញប្រឡាយមេចារឹក(MC2) ស្ថិតក្នុងឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សូមជម្រាបថា ប្រឡាយមេចារឹកជាប្រឡាយមេចាស់កសាងឡើងក្នុងឆ្នាំ១៩៧៧ មានតួនាទីទទួលយកទឹកពីស្ទឹងពោធិ៍សាត់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ជួរភ្នំក្រវាញមកធ្វើការស្រោចស្រពបន្ថែមលើផ្ទៃដីកសិកម្មក្នុងស្រុកកណ្ដៀងប្រមាណ ៥.០០០ហិកតា។ កាលពីឆ្នាំ២០២៣ ប្រឡាយមេចារឹកបានទទួលរងជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំក្រវាញបណ្ដាលឱ្យច្រោះដាច់ភ្លឺ និងតួប្រឡាយជាច្រើនកន្លែង ធ្វើឱ្យប្រជាពលរដ្ឋក្នុងស្រុកកណ្ដៀងជួបការលំបាកខ្វះទឹកស្រោចស្រពការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។
បើតាមរបាយការណ៍របស់គម្រោងបានឱ្យដឹងថា ការងារសំខាន់ៗ ដែលត្រូវអនុវត្តរួមមាន៖ ១).ស្ដារប្រឡាយមេប្រវែង ៥.០០០ម៉ែត្រ, ២).ជួសជុលភ្លឺប្រឡាយមេសងខាងប្រវែង ៥.០០០ម៉ែត្រ, ៣).ក្រាលក្រួសក្រហមប្រវែង ៥.០០០ម៉ែត្រ និង៤).ជួសជុល និងសាងសង់សំណង់សិល្បការ្យចំនួន ៣កន្លែង។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារបានសម្រេចរួចរាល់ ១០០%។
សូមបញ្ជាក់ថា ក្រោយពីការស្ដារប្រឡាយមេឡើងវិញ ប្រជាពលរដ្ឋប្រមាណ ១.៦១៦គ្រួសារក្នុងភូមិចំនួន៩ នៃឃុំអន្លង់វិល និងឃុំកញ្ជរ ស្រុកកណ្ដៀង នឹងទទួលបានប្រឡាយមេនាំទឹកមកស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មស្រូវវស្សាចំនួន ៩៧៥ហិកតា ស្រូវប្រាំងចំនួន ១.១២៥ហិកតា និងដំណាំរួមផ្សំចំនួន ២០ហិកតា។ ដោយឡែកភ្លឺប្រឡាយមេនឹងក្លាយជាផ្លូវសម្រាប់ធ្វើដំណើរទំនាក់ទំនងក្នុងមូលដ្ឋានបានល្អប្រសើរឡើងវិញ ៕