អភិបាលខេត្តតាកែវ នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនគ្រួសារដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ចំនួន ៤ខ្នង នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ
ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ តំណាង ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត មកជូនគ្រួសារដែលបានរងគ្រោះដោយអគ្គិភ័យឆេះផ្ទះអស់ចំនួន ៤ខ្នង កាលពីម៉ោង១៩:០០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងឱកាសនោះ ឯកឧត្ដម វ៉ី សំណាង ក៏បានចូលរួមសោកស្តាយជាមួយគ្រួសារប្រជាពលរដ្ឋដែលបានរងគ្រោះនាពេលនេះ និងបានពាំនាំមតិផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅគ្រប់ទីកន្លែងដោយមិនប្រកាន់និន្នាការ ពូជសាសន៍ សាសនា អ្វីឡើយ ដូចពាក្យស្លោក ទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
អំណោយដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, តង់ធំ ១, កន្ទេល ១, មុង ១, ភួយ ១, សារុង ១, ក្រម៉ា ១, ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ប្រេងឆា ១លីត្រ, នំធុង ១ប្រអប់ និងថវិកាមួយចំនួនផងដែរ។ ចំណែកក្រុមការងាររាជរាដ្ឋាភិបាល ក៏បានជូនថវិការមួយចំនួនដល់គ្រួសាររងគ្រោះផងដែរ ៕