រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ទទួលជួបឯកអគ្គរដ្ឋទូតក្រូអាស៊ី ប្រចាំកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបជាមួយ ឯកឧត្តមបណ្ឌិត Ivan Velimir Starčevic ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋក្រូអាស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី នៅទីស្តីការក្រសួង។
ភាគីទាំងពីរបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះគម្រោងរៀបចំកិច្ចពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ នាចុងឆ្នាំនេះ ដោយបានសង្កត់ធ្ងន់ថា យន្តការនេះ នឹងបើកផ្លូវឱ្យប្រទេសទាំងពីររឹតបន្តឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើវិស័យជាសក្តានុពលសំខាន់រួមមាន សេដ្ឋកិច្ច វិនិយោគ វប្បធម៌ និងទេសចរណ៍។
ភាគីទាំងពីរ ក៏បានចែករំលែកទស្សនៈមួយចំនួនពាក់ព័ន្ធនឹងកិច្ចការតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភរួម ផងដែរ ៕