ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្រ្តីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពបាសាក់ ខេត្តស្វាយរៀង ក្នុងការរៀបចំមណ្ឌលសុខភាពបានយ៉ាងល្អ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានបន្តធ្វើដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវា នៅមណ្ឌលសុខភាពបាសាក់ ខេត្តស្វាយរៀង។
ក្នុងឱកាសទស្សនៈកិច្ចចុះពិនិត្យនៅមណ្ឌលសុខភាពបាសាក់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះពិនិត្យទីតាំងសំខាន់ ដូចជាទីតាំងពិគ្រោះជំងឺ កន្លែងអប់រំសុខភាពទឹកនោមផ្អែម-លើសសំពាធឈាម កន្លែងសំរាល និងរោគស្ត្រី ទីតាំងរក្សាវ៉ាក់សាំង និងទីតាំងទុកដាក់រក្សាឱសថ។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសួរនាំស្វែងយល់សុីជម្រៅពីសមត្ថភាព និងធនធានមនុស្សផងដែរ និងបានផ្តល់អនុសាសន៍គន្លឹះជូនថ្នាក់ដឹកនាំមណ្ឌល និងមន្ទីរសុខាភិបាល។
ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសំដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះមន្រ្តីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាព រួមទាំងអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំមណ្ឌលសុខភាពបានយ៉ាងល្អ ទាំងហេដ្ឋារចនាសម្ព័ន្ធ អនាម័យ ជាមួយ ធនធានមនុស្សដែលមានការតាំងចិត្តបំពេញការងារ។
ក្នុងការចុះពិនិត្យ និងសួរសុខទុក្ខពីសំណាក់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូ មានសមាសភាពអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រធាន-អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត អភិបាលស្រុក ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្រ្តីមន្ទីរសុខាភិបាលខេត្ត៕