រដ្ឋលេខាធិការក្រសួងអប់រំ បើកសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ”
ភ្នំពេញ៖ នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ នៅវិទ្យាល័យអង្គរ នាយកដ្ឋានគោលនយោបាយ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការអនុវត្តស្តង់ដាសាលាមធ្យមសិក្សាចំណេះទូទៅសាធារណៈគំរូ” ក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគម្រោង STEP UP ដោយមានការអញ្ជើញចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធសរុប ៤០នាក់ ក្នុងនោះស្រី១០នាក់។
សិក្ខាសាលានេះគាំទ្រដោយគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំមធ្យមសិក្សាទុតិយភូមិ (STEP UP) និងរៀបចំឡើងក្នុងគោលបំណងដើម្បីតម្រង់ទិសដល់ក្រុមគ្រូបង្គោលថ្នាក់ជាតិលើការអនុវត្តស្តង់ដាសាលារៀនគំរូ និងយន្តការចុះគាំទ្រសាលារៀនគោលដៅ។
បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល ក្រុមគ្រូបង្គោលថ្នាក់ជាតិនឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់ការបណ្តុះបណ្តាលបន្តទៅកាន់គ្រូបង្គោលថ្នាក់តំបន់និងសាលារៀន ក្នុងការជំរុញនិងគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូ។
ក្នុងពិធីបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងនូវអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹង៖ លទ្ធផលរង្វាយតម្លៃសាលារៀនជាប់ស្តង់ដាសាលារៀនគំរូ ឆ្នាំសិក្សា២០២២-២០២៣ បុគ្គលិកលក្ខណៈរបស់គ្រូបង្គោលត្រូវមានកម្រិតខ្ពស់ដើម្បីផ្ទេរចំណេះដឹងនិងចូលរួមពង្រឹងការអប់រំ ការស្វែងយល់អំពីចំណុចខ្លាំង និងចំណុចខ្សោយសាលារៀនដែលត្រូវចុះគាំទ្រ។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់អំពីបញ្ហាប្រឈមមួយចំនួននៅក្នុងការអប់រំដូចជា៖ ការអនុវត្តកម្មវិធីសិក្សា គរុកោសល្យ ការបង្រៀននិងរៀន និងការគ្រប់គ្រងថ្នាក់រៀន ដែលត្រូវ ដោះស្រាយដោយផ្សារភ្ជាប់ករណីជាក់ស្តែងនៅក្នុងប្រទេស និងបទពិសោធល្អៗនៃប្រទេសអភិវឌ្ឍមានប្រព័ន្ធអប់រំល្អដូចជា ប្រទេសជប៉ុន ជាដើម។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានផ្តាំផ្ញើគ្រូឧទ្ទេសថ្នាក់ជាតិឱ្យស្វែងយល់អំពីស្ថានភាពសាលារៀននីមួយៗឱ្យបានជាក់ស្តែង ធ្វើជាទីប្រឹក្សាដែលផ្តល់នូវការអប់រំពិតប្រាកដ ផ្សារភ្ជាប់ចំណេះដឹង ជំនាញ បច្ចេកវិទ្យា និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា វគ្គសិក្ខាសាលានេះមានរយៈពេល ៤ថ្ងៃ ផ្តោតលើខ្លឹមសារសំខាន់ៗរួមមាន៖ យន្តការគាំទ្រការអនុវត្តស្តង់ដាសាលារៀនមធ្យមសិក្សាគំរូ និងស្តង់ដាសូចនាករ ការធ្វើតេស្តស្តង់ដានៅកម្រិតសាលារៀន ប្រព័ន្ធគ្រប់គ្រងព័ត៌មានសាលារៀន ការធ្វើផែនការអភិវឌ្ឍសាលារៀន វិធីសាស្រ្តបង្រៀនថ្មីនិងការសិក្សាបែបគម្រោង វិធីសាស្រ្តបង្រៀនស្ទែម ការអនុវត្តកម្មវិធីម៉ោងបន្ថែមនិងក្លឹបសិក្សា ការផ្សារភ្ជាប់រវាងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំនឹងគន្លងអាជីពគ្រូបង្រៀននិងការលើកកម្ពស់សុខភាពសិក្សានិងអាហារូបត្ថម្ភរបស់សិស្ស ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុនៅក្នុងសាលារៀន៕