នាយករដ្ឋមន្ត្រី ឲ្យរដ្ឋមន្ត្រីអប់រំ ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ពីថ្នាក់ទី៤ ដល់ទី៦
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជំរុញកម្មវិធីកញ្ចប់អំណាន និងគណិតវិជ្ជា សម្រាប់ចាប់ពីថ្នាក់ទី៤ ដល់ទី៦ ។
ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអនុវត្ត ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏មានវិធីសាស្ត្រថ្មីសម្រាប់ការបង្រៀនសិក្សានៅកម្រិតបឋមសិក្សា ដោយមានកញ្ចប់អំណាន និងកញ្ចប់គណិតវិទ្យា នៅកម្រិតថ្នាក់ទី១ ដល់ថ្នាក់ទី៣ រួចហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «ខ្ញុំជជែកជាមួយឯកឧត្តម ហង់ ជួនណារ៉ុន ដើម្បីឱ្យក្រសួងអប់រំ ជំរុញថ្នាក់ទី៤ ដល់ទី៦ ព្រោះអីឡូវយើងមាន ថ្នាក់ទី១ ដល់ថ្នាក់ទី៣ ព្រោះយើងអីឡូវអត់អាចយកស្តង់ដារមួយទៅបង្រៀនមួយសាលាខុសគ្នាទេ អញ្ចឹងក្រសួងអប់រំ នឹងជំរុញបន្ថែមពេលដែលបានអនុវត្តន៍នឹងជំរុញទូទាំងប្រទេស តែម្តង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យមានការរៀបចំឱ្យកុំព្យូទ័រសម្រាប់សិស្សានិស្សបានសិក្សាជាដើម ព្រមទាំងបានណែនាំឱ្យមានការបញ្ចូលនូវការងារសង្គម និងការងារស្ម័គ្រចិត្តដល់សិស្សានុសិស្សតូចៗផងដែរ។
សម្តេចធិបតី លើកឡើងថា «អ៊ឹចឹងត្រូវរៀនទាំងចំណេះដឹងទូទៅ ឱ្យកាន់ទែប្រសើរ មិញខ្ញុំសួរក្មេងគេចេះពីរបត់អាវ ឆ្លងថ្នល់ សំពះ អនាម័យ ដែលយើងត្រូវដាក់បន្តិចៗនេះសំខាន់ខ្លាំងណាស់ បំណិនជីវិត អ៊ឹចឹងបានយើងឱ្យបញ្ចូលហើយមានរាំ របាំ មានកីឡាបន្ថែមទៀត ហើយចំណេះដឹងនេះយើងឱ្យថែម២ម៉ោង ពីព្រោះកន្លងទៅយើងរៀនបានតែកន្លះថ្ងៃហើយចប់ អាចថែមបំប៉នលើគណិតវិទ្យា ភាសាខ្មែរ និងថែមកុំព្យូទ័រ» ៕