សម្ដេចធិបតី៖ រាជរដ្ឋាភិបាល កំពុងខិតខំពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នា
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្ដខិតខំប្រឹងប្រែងពង្រឹងស្ដង់ដារសាលារៀននៅទូទាំងប្រទេស ដើម្បីឲ្យឈានទៅរកស្ដង់ដារនៃការបង្រៀនមួយដូចៗគ្នានៅពេលខាងមុខ។
ក្នុងឱកាសអញ្ជើញជួបជាមួយលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស នៅសាលាបឋមសិក្សាអនុវត្ត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) បានចាប់ផ្ដើមជំហានដំបូងពីបឋមសិក្សា ដោយជ្រើសរើសសាលាបឋមសិក្សា ចំនួន៤២ ក្នុងចំណោមរាជធានី-ខេត្ត ចំនួន៩ ដើម្បីដកស្រង់បទពិសោធន៍ និងពង្រឹងគុណភាព។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «បឋមសិក្សាស្ដង់ដាររៀន (មេរៀន) របស់យើងដូចគ្នា ប៉ុន្ដែការអនុវត្ត និងស្ដង់ដារសិស្សខុសគ្នា ដូច្នេះនៅថ្ងៃខាងមុខយើងខិតខំប្រឹងប្រែងដើម្បីឲ្យស្ដង់ដារស្រដៀងៗគ្នា។ ប៉ុន្ដែជាមួយគ្នានេះ យើងឃើញសាលាច្រើនណាស់នៅទូទាំងប្រទេស ដែលចាប់ផ្ដើមមានស្ដង់ដារសាលាល្អ សាលាគំរូ។ ខ្ញុំឃើញលេចធ្លោជាងគេសាលាវត្តបូព៌ នៅខេត្តសៀមរាប។ ខ្ញុំគិតថា ប្រសិនបើយើងមានស្ដង់មួយដែលលោកគ្រូ អ្នកគ្រូ ដាច់ដោយដុំបានដាក់ហើយ ត្រូវយកមកផ្ដុំគ្នា រួចចែកនៅគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស»។
សម្ដេចធិបតី បន្ថែមថា ការអប់រំជារឿងសំខាន់ ដោយសារគ្រប់គ្នាចាប់ផ្ដើមពីបឋមសិក្សា ហើយគោលដៅនេះសម្ដេចធ្លាប់បានគិតតាំងពី មុនកាន់តំណែងជានាយករដ្ឋមន្ដ្រីម្ល៉េះ ពោលចាត់ទុកធនធានមនុស្សជារឿងសំខាន់ ដែលត្រូវមានមូលដ្ឋានរឹងមាំដោយត្រូវពង្រឹងពីក្រោមឡើង ទាំងចំណេះដឹង ឥរិយាបថ សីលធម៌ក្នុងសង្គម ៕