សម្ដេចធិបតី៖ អាណាព្យាបាលសិស្សានុសិស្ស ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅតាមសាលាគោលដៅ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា មាតាបិតា និងអាណាព្យាបាលសិស្សានុសិស្សប្រមាណ ៩០% គាំទ្រការបន្ថែមម៉ោងបង្រៀន នៅក្នុងវិធានការគន្លឹះវិស័យអប់រំ នៅតាមសាលាគោលដៅ ។
ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងារអនុវត្ដគម្រោងសាលារៀនគំរូ នៅសាលាបឋមសិក្សាអនុវត្ដ ស្ថិតនៅក្នុងភូមិស្រែព្រឹង សង្កាត់/ក្រុង/ខេត្ដកំពង់ឆ្នាំង នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ឪពុក ម្ដាយ ចង់បានឲ្យកូនរៀនបន្ថែមម៉ោងឲ្យច្រើន មិញខ្ញុំសួរ ថាបើថែម១ម៉ោងកន្លះ អត់មានអ្នកចង់បានទេ គឺចង់បាន២ម៉ោង ។ ឪពុក ម្ដាយ ៩០ភាពរយ ចង់បានឲ្យកូនរៀនម៉ោងបន្ថែម»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យយកចិត្តទុកដាក់ សុវត្ថិភាពសិស្សនៅតាមសាលា ជាពិសេសពេលម៉ោងចេញទៅផ្ទះ ដោយត្រូវមាននគរបាល ឬប្រជាការពារ ជួយសម្រួលចរាចរណ៍ផងដែរ ៕