ក្រសួងរៀបចំដែនដី អញ្ជើញអតិថិជន បុរី KP ម៉ន ដានី គម្រោងទី៣០ មកធ្វើបច្ចុប្បន្នភាពជាមួយក្រុមការងារក្រសួង ចាប់ពីថ្ងៃទី២៩ កក្កដា – ០២ សីហា ឆ្នាំ២០២៤
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមជម្រាបជូន លោក លោកស្រី ដែលជាអតិថិជនរបស់ គម្រោងអភិវឌ្ឍដីឡូត៍ ម៉ន ដានី គម្រោងទី៣០ មានទីតាំងស្ថិតនៅក្នុងភូមិច្បារអំពៅ ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ឱ្យបានជ្រាបថា បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយនិងមានការសម្របសម្រួលរបស់ក្រសួងដ.ន.ស កន្លងមក ភាគីម្ចាស់បុរី និងភាគីម្ចាស់ដី បានឯកភាពគ្នាសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ក្នុងការធ្វើបច្ចុប្បន្នភាពអតិថិជនរបស់គម្រោងអភិវឌ្ឍដីឡូត៍ ម៉ន ដានី គម្រោងទី៣០ និងដាក់ឱ្យដំណើរការគម្រោងទី៣០ឡើងវិញ។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ដែលបានទិញដីឡូត៍ នៅគម្រោងទី៣០ អញ្ជើញមកធ្វើបច្ចុប្បន្ន ភាពជាមួយក្រុមការងារនៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅសាលសន្និបាត ២០២១ ជាន់ទី២ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១- កិច្ចសន្យាលក់ទិញដីឡូត៍ (ច្បាប់ដើម)
២- វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់ពីការបង់ប្រាក់ (ច្បាប់ដើម)
៣- ឯកសារពាក់ព័ន្ធនឹងការស្នើសុំចុះបញ្ជីអំពីការផ្ទេរកម្មសិទ្ធិ ដូចមានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន (អត្តសញ្ញាណបណ្ណ សៀវភៅស្នាក់នៅ សំបុត្រអាពាហ៍ពិពាហ៍។ល។)។
ចំពោះ អតិថិជននៃគម្រោងផ្សេងទៀតរបស់បុរីKP មិន ដានី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នឹងបន្តជូនដំណឹងក្រោយពីសម្របសម្រួលដោះស្រាយជាមួយតំណាងបុរី ម៉ន ដានី និងភាគីម្ចាស់បំណុល របស់បុរីនេះ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជ្រាបជាព័ត៌មាន ៕