ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្ដាប្រឡាយដោះទឹកពង្វាងទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបណ្តាព្រែក ក្នុងភូមិសាស្ត្រខេត្តកណ្តាល
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្តាល រួមជាមួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកនៅតាមបណ្តាប្រឡាយដោះទឹកពង្វាងទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបណ្ដាព្រែកក្នុងភូមិសាស្ត្រខេត្តកណ្តាល។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី និងក្រុមការងារបានអញ្ជើញចុះពិនិត្យប្រឡាយ៩៤ ប្រឡាយ៩៦ ព្រែកហូរ ព្រែកគង់ និងប្រឡាយដោះទឹកតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា បើតាមការពិនិត្យ មូលហេតុដែលព្រែកហូរមានទឹកហូរយឺតគឺដោយសារតែ៖ ទី១)ចាប់ពីព្រែកយាយជាដែលមានមុខទឹកបែកជាពីរ ហូរបានតែមួយច្រក និងមួយច្រកទៀតនៅរាំងស្ទះកំពង់រង់ចាំការដោះស្រាយគោលនយោបាយ ទី២)នៅចុងប្រឡាយព្រែកហូរ ចាប់ពីប្រឡាយលេខ៣ នៅពុំទាន់បានធ្វើការស្ដារ ដោយសារកំពុងរង់ចាំការដោះស្រាយផលប៉ះពាល់។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ប្រឡាយភ្ជាប់លេខ៣ ត្រង់ប្រឡាយ៩៦ ស្ថានភាពទឹកហូរបានលឿនគួរសម ចំណែកតំបន់ព្រែកថី ទឹកហូរបានលឿនចេញទៅទន្លេបាសាក់និងបានស្រកពីកម្រិតកម្ពស់ ៥,០៥ម៉ែត្រ មកត្រឹម ៤,៩៥ម៉ែត្រ។
សូមជម្រាបថា កាលពីឆ្នាំកន្លងទៅ ទឹកហូរបែកវាលទៅតំបន់អាកាសយានដ្ឋានអន្តរជាតិតេជោ និងរំដោះបានច្រើន ប៉ុន្តែបច្ចុប្បន្នទឹកពុំអាចហូរចូលអាកាសយានដ្ឋានថ្មីបានទេ គឺទឹកនៅប្រមូលផ្តុំតែក្នុងស្ទឹងមិនហូរបែកវាល ហើយក្នុងករណីពុំមានភ្លៀងបន្ថែម នោះទឹកនឹងបន្តស្រកចុះវិញ។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ដោយមានការឯកភាពពីអាជ្ញាធរខេត្តកណ្តាលបានបញ្ជាឱ្យកាត់ផ្តាច់ទំនប់ត្រង់ប្រឡាយ៩៤ ដោយមានមុខកាត់ចន្លោះពី១០-២០ម៉ែត្រ និងកាយផ្តាច់បើកមុខទឹកនៅទំនប់៥៤ ស្ថិតក្នុងស្រុកស្អាង ខេត្តកណ្តាល ក្បែរអាកាសយានដ្ឋានថ្មី ចំនួន ៣ទីតាំង ដោយ១ទីតាំងកាយយ៉ាងហោចណាស់ ៣០ម៉ែត្រ ដើម្បីជួយរំដោះទឹកជាបណ្តោះអាសន្ន៕