ឯកឧត្តម ហេង ណន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន China Federation of Logistics & Purchasing (CFLP)
ភ្នំពេញ៖ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាប៉េង ពោធិ៍ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុម China Federation of Logistics & Purchasing (CFLP) ដឹកនាំដោយលោក Kang Shuchun នាយកក្រុមហ៊ុន CFLP ដោយមានការអញ្ជើញចូលពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមកពីអង្គភាពក្រោមឱវាទក្រសួងជាច្រើនរូប។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងដើម្បីសិក្សាស្វែងយល់ពីឱកាស ដ៏មានសក្កានុពលក្នុងការសហការ និងវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនតាមផ្លូវគោក ផ្លូវដែក ឃ្លាំងផ្ទុកទំនិញ ផ្លូវទឹក និងកំពង់ផែ នៅក្នុងប្រទេសកម្ពុជា។
ទន្ទឹមនឹងនោះ គណៈប្រតិភូក្រុមហ៊ុនបានចែករំលែកពីការងារវិនិយោគរបស់ក្រុមហ៊ុនក្នុងប្រទេសចិន និងបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក និងបានស្នើសុំការគាំទ្រ កិច្ចសហការ និងអនុសាសន៍ណែនាំពីថ្នាក់ដឹកនាំក្រសួងលើគម្រោងរបស់ខ្លួនផងដែរ។
ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្ដោតជាសំខាន់លើវិស័យអាទិភាពសំខាន់ៗរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលជាគោលដៅគន្លឹះដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់៕