ឯកអគ្គរដ្ឋទូតថ្មីស៊ីលី ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនៃជំនួប ឯកឧត្តម Patricio Fernando Powell Osorio ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋស៊ីលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរអំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងឆាប់រហ័ស នៅកម្ពុជា ព្រមទាំងបានចាប់អារម្មណ៍ចំពោះប្រពៃណីវប្បធម៌ ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាផងដែរ។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការស៊ីលី-កម្ពុជា ឱ្យកាន់តែរឹងម៉ាំ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
សម្ដេចធិបតី បានស្វាគមន៍ និងអបអរសាទរឯកឧត្តម Patricio Fernando Powell Osorio ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ស៊ីលី ប្រចាំកម្ពុជា ព្រមទាំងបានសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការរីកចម្រើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ស៊ីលី។ ឆ្នាំនេះជាខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ កម្ពុជាកំពុងស្ថិតក្នុងដំណើរការនៃការរៀបចំការតែងតាំងឯកអគ្គរាជទូតកម្ពុជា ប្រចាំស៊ីលី ដែលមាននិវេសនដ្ឋាន នៅប្រទេសប្រេស៊ីល។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាលស៊ីលី ដែលបានសម្រេចគាំទ្របេក្ខភាពកម្ពុជា នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិ ផងដែរ។
សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីវិស័យសក្កានុពលសម្រាប់ការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ មានជាអាទិ៍៖ វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម, ទេសចរណ៍, ការតភ្ជាប់រវាងប្រជាជន និងប្រជាជន, ថាមពលកកើតឡើងវិញ បរិស្ថាននិងនិរន្តភាព និងការទប់ស្កាត់គ្រោះមហន្តរាយ ៕