រដ្ឋមន្ត្រី ឈាង រ៉ា អរគុណចំពោះការចូលរួមចំណែករបស់មូលនិធិ GX Foundation ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ពលរដ្ឋកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម LEUNG Chun Ying ប្រធានមូលនិធិ GX និងជាអនុប្រធាន គណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន អមដោយឯកឧត្តម Wang Wenbin (វ៉ាង វិនពីន) ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនៃជំនួប ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែករបស់ មូលនិធិ GX Foundation នៅក្នុងការគាំទ្រទៅដល់វិស័យសុខាភិបាលកម្ពុជា នាពេលកន្លងមក ជាពិសេសការរួមចំណែករបស់មូលនិធិ នៅក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែកឡើងបាយ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលរស់នៅតាមបណ្តាខេត្តគោលដៅមួយចំនួន។
ជាការឆ្លើយតប ឯកឧត្តមប្រធានមូលនិធិ GX បានសម្តែងនូវការអរគុណជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់មូលនិធិ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល។
ភាគីទាំងពីរ បានជួបពិភាក្សានិងឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងមូលនិធិ GX និងក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់គម្រោងលុបបំបាត់ភាពងងឹតដោយជំងឺភ្នែកឡើងបាយ នៅខេត្តកំពង់ស្ពឺ ដែលគម្រោងនេះនឹងរួមចំណែកដ៏សំខាន់ក្នុងការលើកកំពស់ប្រព័ន្ធសេវាសុខាភិបាល ឈានទៅសម្រេចគោលដៅលុបបំបាត់ភាពពិការភ្នែកដែលអាចបង្ការបាន នាឆ្នាំ២០៣០ នៅកម្ពុជា ព្រមទាំងឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។
ចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជន និងរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ជាពិសេសមូលនិធិ GX ដែលបានចូលរួមចំណែក ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល សំដៅលើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕