ឯកឧត្តម មាន ចាន់យ៉ាដា៖ វត្តតាមាន់សែនជ័យ ទីកន្លែងដែលមានរឿងអាថ៌កំបាំងកប់ទុកជាច្រើន សម្រាប់សិក្សាស្វែងយល់ និងស្រាវជ្រាវ
ភ្នំពេញ៖ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា វត្តតាមាន់សែនជ័យ ទីកន្លែងដែលមានរឿងអាថ៌កំបាំងកប់ទុកជាច្រើន ជាទីមនោរម្យសម្រាប់ប្រជាពលរដ្ឋទូទៅ និងទីកន្លែងសម្រាប់សិក្សាស្វែងយល់ និងស្រាវជ្រាវ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម មាន ចាន់យ៉ាដា បានបញ្ជាក់យ៉ាងដូច្នេះថា “វត្តតាមាន់សែនជ័យ ទីកន្លែងដែលមានរឿងអាថ៌កំបាំងកប់ទុកជាច្រើនជាវត្តមួយដែរមានកន្លែងអាថ៌កំបាំងជាច្រើនគួរជាទីមនោរម្យសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅ ក៏ដូចជាទីកន្លែងសម្រាប់សិក្សាស្វែងយល់ និងស្រាវជ្រាវសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ និងចូលចិត្តស្រាវជ្រាវ និងផ្សងព្រេងផងដែរ ដែលមានដូចជា៖
១. ទីសការៈបូជាស័ក្តិសិទ្ធិជាច្រើន
២. អណ្តូងទឹកបុរាណស្ថិតក្រោមឫសឈើ
៣. ផ្ទាំងសិលាធំៗ
៤. ទីកន្លែងស្ងប់ស្ងាត់សម្រាប់ធ្វើសមាធិ និងវិបស្សនា
និងទីតាំងគួរជាទីចាប់អារមណ៍មួយចំនួនទៀត”។
ជាមួយគ្នានោះឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយមកកំសាន្តលេង និងធ្វើបុណ្យទានផ្សេងៗតាមប្រពៃណី ទំនៀមទម្លាប់នៅទីវត្តអារាមនេះដែលស្ថិតនៅខាងក្រោមជើងភ្នំដងរែក ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ៕