បណ្ឌិត ជា រដ្ឋា សំណេះសំណាលជាមួយអាណាព្យាបាល និងគរុនិស្សិត ១២+៤ ជំនាន់ទី៤ និងគរុនិស្សិតបរិញ្ញាបត្រ+១ ជំនាន់ទី១ នៃវិទ្យាស្ថានគរុកោសល្យបាត់ដំបង
ភ្នំពេញ៖ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានរៀបចំកម្មវិធីបើកបវេសនកាល និងសំណេះសំណាលជាមួយអាណាព្យាបាល និងគរុនិស្សិត ១២+៤ ជំនាន់ទី៤ និងគរុនិស្សិត បរិញ្ញាបត្រ+១ ជំនាន់ទី១ ដែលប្រព្រឹត្ដទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង ។
កម្មវិធីនេះក៏មានការចូលរួមពីសំណាក់លោកនាយករង លោកព្រឹទ្ធបុរសស្ដីទី និងព្រឹទ្ធបុរសរងនៃមហាវិទ្យាល័យទាំង៣ ប្រធាន និងអនុប្រធានដេប៉ាតឺម៉ង់ និងការិយាល័យ គ្រូឧទ្ទេស និងបុគ្គលិក អាណាព្យាបាលរបស់គរុនិស្សិត និងគរុនិស្សិត ១២+៤ ជំនាន់ទី៤ និងគរុនិស្សិតបរិញ្ញាបត្រ+១ ជំនាន់ទី១ ផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំសិក្សាថ្មីនេះ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បានទទួលគរុនិស្សិតកម្រិតមធ្យមសិក្សាបឋមភូមិ សរុបចំនួន ៣៨នាក់ ដែលមកពីខេត្ដចំនួន១១ មានដូចជា បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន សៀមរាប ឧត្ដរមានជ័យ កំពង់ឆ្នាំង ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្ដព្រះវិហារ។
ចំពោះគរុនិស្សិតកម្រិតមធ្យមសិក្សាបឋមភូមិទាំងនេះ នឹងទទួលការបណ្ដុះបណ្ដាលក្នុងកម្មវិធី ២កម្រិតផ្សេងគ្នា គឺកម្មវិធី ១២+៤ មានគរុនិស្សិតឯកទេសគីមីវិទ្យា ចំនួន១៧នាក់ និងគរុនិស្សិតឯកទេសជីវវិទ្យា ចំនួន១៥នាក់ និងកម្មវិធី បរិញ្ញាបត្រ+១ មានគរុនិស្សិតឯកទេសរូបវិទ្យា ចំនួន ២នាក់ និងគរុនិស្សិតឯកទេសគណិតវិទ្យា ចំនួន ៤នាក់។ ចំណែកឯគរុនិស្សិតកម្រិតបឋមសិក្សា កំពុងស្ថិតក្នុងដំណើរការនៃការប្រឡងជ្រើសរើសនៅឡើយ៕