គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យមើលទីតាំងការពារច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ខេត្តកំពង់ចាម
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ អមដំណើរដោយ ឯកឧត្តម ហេង វណ្ណនី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម បានបន្តដំណើរចុះពិនិត្យមើលទីតាំងសិក្សាការពារការបាក់ច្រាំងទន្លេ នៅតំបន់ប្រជុំកោះពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលជាស្រុកកំណើតសម្តេចតេជោ ចម្ងាយប្រមាណជាង ៥០ គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹកខេត្ត បានជម្រាបជូនគណ:ប្រតិភូគណ:កម្មការទី៣នៃរដ្ឋសភាថា មន្ទីរធនធានទឹកខេត្ត បានសាងសង់ច្រាំងទន្លេប្រវែងសរុប ៨០៨ ម៉ែត្រ ក្នុងក្រុងកំពង់ចាម ក្នុងឆ្នាំ ២០១៥-២០១៩ ហើយរៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង ២៥០ម៉ែត្រ ក្រុងកំពង់ចាម ក្នុងឆ្នាំ ២០២០។ រៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង ៣,៨១៦ម៉ែត្រ ក្នុងឃុំព្រះអណ្តូង ឃុំពាមកោះស្នា និងឃុំខ្ពបតាងួន ស្ថិតក្នុងស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ ២០១៩-២០២០ និងរៀបថ្មកញ្ចប់បន្ថែមបានប្រវែង ១០០ម៉ែត្រ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ ២០២២ នឹងរៀបបាវខ្សាច់ (Geo Textile Bag) បានប្រវែង១២០ម៉ែត្រ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ក្នុងឆ្នាំ២០២២។
លោកប្រធានមន្ទីរបានបន្តថា នៅឆ្នាំ២០២៤នេះ មានករណីបាក់ស្រុតច្រាំងទន្លេចំនួន៤ឃុំគឺ៖ ឃុំព្រែកកក់ ឃុំពាមកោះស្នា ឃុំព្រះអណ្តូង និងឃុំខ្ពបតាងួន ក្នុងស្រុកស្ទឹងត្រង់ សរុបប្រវែង ១៦០០ម៉ែត្រ ហើយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង៧.១៥នាទីព្រឹក មានករណីបាក់ស្រុតច្រាំងទន្លេចំនួន២កន្លែង នៅភូមិព្រែកស្តី និងភូមិព្រះអណ្តូង ស្ថិតនៅឃុំព្រះអណ្តូង ប្រវែង ១៣០ម (ទីតាំងបាក់កន្លែងចាស់ដ៏ដែល)។
ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យច្រាំងទន្លេបាក់ក្នុងភូមិសាស្ត្រ ភូមិពាម ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានកោតសរសើរដល់ថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំងក្រសួងធនធានទឹក និងឧតុនិយម ដែលបានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការបាក់ច្រាំងទន្លេបន្តទៀត ដើម្បីសម្រួលចរន្តទឹកកុំឱ្យបាក់ច្រាំង កុំឱ្យបាត់បង់ប្រយោជន៍របស់ប្រជាពលរដ្ឋនៅថ្ងៃអនាគត។
បន្ទាប់មកគណៈប្រតិភូគណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះពិនិត្យសិក្សាស្វែងយល់ក្រុមហ៊ុន ឡុង ស្រេង Long Sreng Agriculture Development Co.LTD) ជាក្រុមហ៊ុននាំចេកចេញទៅប្រទេសចិន និងទីកន្លែងកែច្នៃកៅស៊ូនាំចេញទៅក្រៅប្រទេសរបស់ក្រុមហ៊ុន ឡុង ស្រេង ដដែលនេះ មានទីតាំងនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ៕