គណៈកម្មការទី៣ នៃរដ្ឋសភា អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម
ភ្នំពេញ៖ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម បានអញ្ជើញជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយ ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងឯកឧត្តម ហេង វណ្ណនី អភិបាលខេត្តស្តីទី នៃគណៈអភិបាលខេត្តកំពង់ចាម ដើម្បីស្វែងយល់អំពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់នានា ពាក់ព័ន្ធនឹងវិស័យដែលគណៈកម្មការទទួលខុសត្រូវ និងចង់ដឹងថា តើកន្លងមកខេត្តមានជួបបញ្ហាប្រឈមអ្វីខ្លះ? ដើម្បីរួមគ្នារកដំណោះស្រាយក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានបញ្ជាក់ថា កិច្ចប្រជុំនេះ មិនមែនជាការចុះមកត្រួតពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ តែគោលបំណងដ៏សំខាន់នោះ គឺចង់ឈ្វេងយល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដើម្បីជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕