សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខចំពោះមរណភាពរបស់អាកាសយានិក ស៊ុន ផល្លា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខជូន លោកស្រី ខាន់ ចាន់ថុល ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់លោកវរសេនីយ៍ទោ ស៊ុន ផល្លា ដែលបានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
តាមរយៈសារលិខិតផ្ញើជូន លោកស្រី ខាន់ ចាន់ថុល ព្រមទាំងក្រុមគ្រួសារ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមា ដោយបានទទួលដំណឹង អំពីមរណភាពរបស់ វរសេនីយ៍ទោ ស៊ុន ផល្លា អាកាសយានិកឧទ្ធម្ភាគចក្រ នៃបញ្ជាការដ្ឋាន កងទ័ពជើងអាកាស ដែលជាស្វាមីរបស់លោកស្រី លោកបានពលីនៅក្នុងពេលបំពេញបេសកកម្មហ្វឹកហ្វឺន ហោះហើរដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ Z9 នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅចំណុចលើខ្នង ភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាអាកាសយានិក នាយទាហាន នាយទាហានរង ពលទាហានទាំងអស់ក្នុងអង្គភាព និងសូមសម្តែងសេចក្តីសង្វេគប្រកបដោយអនិច្ចលក្ខណធម៌យ៉ាងជ្រាលជ្រៅ ព្រោះការបាត់បង់ វរសេនីយ៍ទោ ស៊ុន ផល្លា គឺជាការបាត់បង់ស្វាមី ដែលប្រកបទៅដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងជាការ បាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់អាកាសយានិកដ៏មានបទពិសោធន៍ អង់អាចក្លាហាននៃកងយោធពលខេមរភូមិន្ទ ដោយបានរួមចំណែកក្នុងពលិកម្មដ៏មោះមុត ក្នុងបុព្វហេតុបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងការពារបូរណភាពទឹកដីជារៀងរហូតមក។
ជាមួយគ្នានេះ ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ វរសេនីយ៍ទោ ស៊ុន ផល្លា សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។
សូម លោកស្រី ព្រមទាំងក្រុមគ្រួសារ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ និងភរិយា» ៕