អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការ ដោយសារបញ្ឈឺស្រីស្នេហ៍បែរទៅបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិបរទេសម្នាក់ ដែលមានសភាពដូចមនុស្សបែកថ្នាំ ដោយបិទបន្ទប់ចាក់សោរពីខាងក្នុង បំផ្លាញរបស់របរ ហើយឈរតោងសំយ៉ាប ខុនដូរ TimeSqare3 ជាន់ទី៦ ផ្លូវ៣១៧ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្ករការភ្ញាក់ផ្អើលដល់បុគ្គលិកខុនដូរ ក៏ដូចជាអ្នករស់នៅដ៏ទៃទៀត។
ក្រោយពេលទទួលបានព័ត៌មាន លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងវរអន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រួមជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយម្ចាស់ខុនដូរព្រមទាំងម្ចាស់បន្ទប់ដែលជួលឲ្យបុរសបរទេសខាងលើ ដើម្បីធ្វើការលួងលោមឲ្យបុរសនោះបើកទ្វារ តែមិនបានសម្រេច ហើយបុរសនោះថែមទាំងធ្វើសកម្មភាពហាក់ចង់លោតចេញពីសំយ៉ាបខុនដូរទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបុកទម្លាយទ្វារ ចូលទៅនាំយកបុរសនោះទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីសាកសួរព័ត៌មាន។
បុរសខាងលើ មានឈ្មោះថា Tchoumbou Christel ជាជនជាតិ កាំម៉ារូន បន្ទាប់ពីបានអាវុធហត្ថរាជធានីភ្នំពេញនាំយកមកសាកសួរព័ត៌មាននិងធ្វើតេស្តទឹកនោម រកពុំឃើញសារធាតុញៀន ក៏ត្រូវបានម្ចាស់បន្ទប់ជួលដាក់ពាក្យប្តឹងពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ ដោយសារបុរសនេះបានវាយកម្ទេចសម្ភារៈក្នងបន្ទប់ជួលរបស់ខ្លួនខ្ទេចខ្ទីទាំងស្រុង ក្នុងគោលបំណង បញ្ឈឺដាក់ស្រីស្នេហ៍ដែលនាងមិនព្រមមកជួប មិនតែប៉ុណ្ណោះបុរសខាងលើថែមទាំងអុកឡុកវាយបំផ្លាញសម្ភារៈផ្សេងៗរបស់អាវុធហត្ថរាជធានីភ្នំពេញ និងស្រែកឡូឡាទាមទារឲ្យហៅស្រីស្នេហ៍ខ្លួនមកជួបផងដែរតែនាងមិនមកជួប ដូច្នេះអាវុធហត្ថរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនបុរសនេះទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ ៕