នាយឧត្តមសេនីយ៍ ស ថេត ឲ្យកម្លាំងនគរបាលបន្ដយកចិត្តទុកដាក់ តាមដានក្រុមជ្រុលនិយម ដែលចិញ្ចឹមចិត្តដណ្ដើមអំណាចតាមរយៈការធ្វើបដិវត្តពណ៌
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ណែនាំឲ្យកម្លាំងនគរបាលជាតិទាំងអស់ បន្ដយកចិត្តទុកដាក់តាមដានក្រុមអគតិជ្រុលនិយម ដែលចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ ប្រសូត្រចេញពីការបោះឆ្នោត តាមរយៈការធ្វើបដិវត្តពណ៌ និងញុះញង់ប្រជាពលរដ្ឋ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាភាព ប្រកាសចូលកាន់តំណែងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា កងកម្លាំងនគរបាលជាតិ មិនត្រូវបណ្ដែតបណ្ដោយឲ្យក្រុមជនអគតិបង្កចលាចលបាននោះឡើយ ពោលត្រូវតែចាត់វិធានការតាមផ្លូវច្បាប់បានឡើយ។
នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «មកទល់ពេលនេះ ក្រុមជនគតិជ្រុលនិយមនៅតែបន្ដចិញ្ចឹមចិត្តដណ្ដើមអំណាចពីរាជរដ្ឋាភិបាលស្របច្បាប់ តាមរយៈការធ្វើបដិវត្តពណ៌ញុះញង់ប្រជាពលរដ្ឋ សកម្មភាពនេះយើងជានគរបាលអនុវត្តច្បាប់ ត្រូវតែចាត់វិធានការម៉ឺងម៉ាត់ភ្លាមៗឲ្យបានទាន់ពេលវេលា»។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ, ក្រុមជ្រុលនិយមតែងបង្កនូវបាតុភាពផ្សេងៗ ដូចជា ញុះញង់ឲ្យប្រជាពលរដ្ឋតវ៉ាពាក់ព័ន្ធបញ្ហាដីធ្លី និងយុត្តិធម៌សង្គមជាដើម ហេតុនេះកម្លាំងនគរបាលជាតិ ត្រូវតែបន្ដធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ និងការពារឲ្យបានជាដាច់ខាតនូវសន្ដិភាព ដែលស្វែងរកបានដោយលំបាក។ បន្ថែមពីនេះ ត្រូវធានាសន្ដិសុខផ្ទៃក្នុងឲ្យបានល្អ ដើម្បីបង្កបរិយាកាសស្រួលក្នុងការវិនិយោគ អភិវឌ្ឍន៍ និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ។
នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់ថា ប្រសិនបើមូលដ្ឋានប្រទេសកម្ពុជាមិនមានសន្ដិសុខ សណ្ដាប់ធ្នាប់ទេនោះ ក៏មិនមានអ្នកវិនិយោគណាមករកស៉ីបណ្ដាក់ទុនឡើយ ដូច្នេះនគរបាលត្រូវពង្រឹងសមត្ថភាព ពង្រឹងសមត្ថភាពមន្ដ្រីពាក់ព័ន្ធ ធ្វើផែនការឲ្យបានលម្អិត និងវាយតម្លៃសភាពការណ៍ ឲ្យបានច្បាស់លាស់ទាំងខាងក្រៅ និងខាងក្នុង ដោយមិនត្រូវបណ្ដែតបណ្ដោយជាមួយសុខសន្ដិភាព ដែលកំពុងមាននោះទេ។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យយកចិត្តទុកដាក់កង្វល់របស់ប្រជាពលរដ្ឋ ចំពោះការអនុវត្តច្បាប់របស់មន្ដ្រី ពោលត្រូវអនុវត្តប្រកបដោយសីលធម៌ គុណធម៌ និងត្រូវបម្រើសេវាជូនប្រជាពលរដ្ឋតាមមូលដ្ឋានប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ ត្រូវយកពង្រឹងលើការងារផ្សព្វផ្សាយអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យចំមុខសញ្ញា ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែជាក្ដីកង្វល់នៅពេលបច្ចុប្បន្ននេះ។