នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កោះហៅបុគ្គល ជឿន ចក់ ហៅជើងចក់ មកធ្វើការអប់រំណែនាំ
ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង២រសៀល ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង នគរបាលជាតិ ទទួលការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះហៅបុគ្គលឈ្មោះ ជឿន ចក់ ហៅជើងចក់ ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “Choeun Chork” មកបំភ្លឺ នៅនាយកដ្ឋាន ពាក់ព័ន្ធករណីប្រមាថ និងញុះញ៉ង់អោយមានការរើសអើង ធ្វើអោយមហាជន ដែលប្រើប្រាស់បណ្តាញសង្គម មានការស្អប់ខ្ពើម យល់ ច្រលំ មកលើកងកម្លាំងប្រដាប់អាវុធ ជាពិសេសអគ្គស្នងការដ្ឋាននគរបាល ជាតិ។
ចំពោះមុខសមត្ថកិច្ចឈ្មោះ ជឿន ចក់ ហៅជីងចក់ បានទទួលស្គាល់នូវកំហុសរបស់ខ្លួន នៅពេលផ្សាយផ្ទាល់លើទំព័រហ្វេសបុករបស់ខ្លួន ដោយបាននិយាយលើសលួសប៉ះពាល់ដល់ស្ថាប័នកងកម្លាំង ជាពិសេសគឺអគ្គស្នងការដ្ឋាននគរបាលជាតិ និងបានលុបនូវវិដេអូ ក្រោយការផ្សាយចប់រយៈពេល២ម៉ោងក្រោយ ប៉ុន្តែមានទំព័រហ្វេសប៊ុកមួយចំនួនបានទាញយក វីដេអូនេះទៅកាត់យកចំនុចដែលខ្លួនបាននិយាយប្រមាថដោយអចេតនាទាំងនោះទៅផ្សាយបន្ត និងមានការចែករំលែកជាច្រើនទៀត។ ដោយឃើញមានការផ្ទុះនូវព័ត៌មាននេះតាមបណ្តាញទំនាក់ទំនងសង្គមខ្លាំង ទើបបុគ្គលឈ្មោះ ជឿន ចក់ ក៏បានចេញវីដេអូសុំទោសដល់ស្ថាប័នកងកម្លាំង ជាពិសេសអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រោយពីទទួលបានការអប់រំ ណែនាំ និងធ្វើកិច្ចសន្យា បុគ្គលឈ្មោះ ជឿន ចក់ ហៅជើងចក់ បានសន្យាចំពោះមុខសមត្ថកិច្ចថានឹងមិននិយាយអ្វី អោយប៉ះពាល់ដល់ស្ថាប័នកងកម្លាំងនាពេលក្រោយទៀតហើយ និងបាន យល់ព្រមធ្វើកិច្ចសន្យាជាលាយលក្ខអក្សរ សុំទោសដល់ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាពិសេស សុំទោស ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្ត កន្លងមក។
សមត្ថកិច្ចនឹងបន្តតាមដានសកម្មភាពរបស់បុគ្គលខាងលើ និងអនុវត្តនីតិវិធី បន្ត បើមិនអនុវត្តតាមការសន្យា។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់អ្នកនិយមប្រើ ប្រាស់បណ្តាញសង្គមទាំងអស់ សូមមេត្តាប្រុងប្រយ័ត្នចំពោះការបញ្ចេញមតិ ណាមួយដែលប៉ះពាល់ដល់ស្ថាប័ននានា ជៀសវាងមានបញ្ហា ដែលអាច ប្រឈមនឹងផ្លូវច្បាប់ជាធរមាន ៕