ឆមាសទី១ សមត្ថកិច្ចបង្រ្កាបក្មេងទំនើងជាង ១៤០០ករណី និងអនុវត្តវិធានការច្បាប់ជាង ១៤០០នាក់
ភ្នំពេញ៖ ឆមាសទីមួយឆ្នាំ២០២៤អនុវត្តបទបញ្ជាឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,សមត្ថកិច្ចនៃអគ្គស្នងការនគបាលជាតិបានចុះបង្រ្កាបក្មេងទំនើងដែលធ្វើសកម្មភាពអវិជ្ជមាននានាក្នុងសង្គម បានចំនួន ១ ៤៩៤ ករណី និង ឃាត់ខ្លួនចំនួន ៣ ៩៩៤នាក់ ។ នេះបើយោងតាមឯកឧត្តម ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានក្រសួងព័ត៌មានកាលពីរសៀលថ្ងៃទី៣០ ខែកក្កដានេះ។
ឯកឧត្តម ទូច សុឃៈ បានបញ្ជាក់ថា ក្មេងទំនើង ដែលស្ថិតនៅក្រោមការគ្រប់គ្រងសមត្ថកិច្ចអគ្គស្នងការចំនួន៣ ៧៩៨នាក់ (ស្រី ៣៧នាក់)។ក្មេងទំនើងសមត្ថកិច្ចបង្រ្កាបបាន ១ ៤៩៤ករណី ដោយឃាត់ខ្លួន ៣ ៩៩៤នាក់ ក្នុងនេះបានអនុវត្តវិធានការច្បាប់ ៦៥៧ករណី ដែលមានមនុស្ស១ ៤៣៤នាក់, អនុវត្តវិធានការរដ្ឋបាល៨៣៧ករណី ដែលមានមនុស្ស ២ ៥៦០នាក់ ។
អ្នកនាំពាក្យរងដដែលបានបន្តដោយពន្យល់ថា ការអនុវត្តវិធានការច្បាប់ មានន័យថាការកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចោទប្រកាន់និងឈានទៅដល់ការផ្តន្ទាទោសតាមច្បាប់អាស្រ័យទៅលើអំពើប្រព្រឹត្តរបស់ក្មេងទំនើង។ចំណែកឯការអនុវត្តវិធានការរដ្ឋបាលនោះបានន័យថាសកម្មភាពក្មេងទំនើង គ្រាន់តែបង្កនូវភាពអវិជ្ជមានកម្រិតស្រាលៗដែលមិនចូលថ្នាក់បទល្មើសព្រហ្មទណ្ឌ ដូច្នេះសមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃអនុវត្តការអប់រំណែនាំ ដោយត្រឹមតែធ្វើកិច្ចសន្យាបញ្ឈប់កម្មភាពកុំឱ្យប្រព្រឹត្តតទៅទៀត ជាមួយការធានាអះអាងពីអណាព្យាបាល។
ឯកឧត្តម ទូច សុឃៈ បានគូសរំលេចថា នេះជាអ្វីដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាលោកបានយកចិត្តទុកដាក់ជាខ្លាំង ។កន្លងទៅសម្ដេចបានដាក់បទបញ្ជាដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបង្រ្កាបក្មេងទំនើងនេះ។ ក្រសួងមហាផ្ទៃបានទទួលបទបញ្ជាដ៏ខ្ពង់ខ្ពស់នេះមកអនុវត្តដោយដាក់ផែនការទៅអគ្គស្នងការនរគបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ។
ជារួមលទ្ធផលដែលទទួលបានរយៈពេលជិតពីរខែគិតត្រឹមថ្ងៃទី២៣ ខែឧសភាដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលបង្រ្កាបបាន ចំនួន៣៧៦ករណី ,ឃាត់ខ្លួនបានក្មេងទំនើងចំនួន ១ ៥០៦នាក់។ ក្នុងនោះបន្ទាប់ពីចាប់បានហើយកសាងសំណុំរឿងបញ្ជូលទៅតុលាការឱ្យចោទប្រកាន់និងផ្តន្ទាទោសចំនួន២៦០ករណី ដែលមានក្មេងទំនើងចំនួន ៨៥៥នាក់ ។ ក្រៅពីនោះសមត្ថកិច្ចនគរបាលចំណុះក្រសួងមហាផ្ទៃបានអនុវត្តវិធានការរដ្ឋបាលចំនួន ១១៦ករណី ដែលមានក្មេងទំនើងចំនួន ៦៥១នាក់។ សូមបញ្ជាក់ថា តាមវិធានការក្រសួងនិងអនុវត្តបន្តទៅមុខទៀតទៅតាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម ទូច សុឃៈ បានកត់សម្គាល់ឃើញថា មានការថមថយនូវសកម្មភាពល្មើសច្បាប់ព្រហ្មទណ្ឌ ប៉ុន្តែរូបភាពអវិជ្ជមានក្នុងចរិតជាក្មេងឈាមរាវផ្សេៗនៅតែបន្តមាន គ្រាន់តែសកម្មភាពនោះពេលខ្លះមិនទាន់ចូលជាបទល្មើសព្រហ្មទណ្ឌនៅឡើងគ្រាន់តែបង្កនូវការល្អក់កករដល់សណ្តាប់ធ្នាប់ក្នុងមូលដ្ឋានជាដើម ។ដូចនេះសម្តេចធិបតី បានដាក់បទបញ្ជាបន្ថែមទៀតឱ្យបន្តបោសសំអាត ពោលគឺក្រុមក្មេងទំនើងដែលប្រមូលផ្តុំហើយបង្ហោះម៉ូតូនិងប្រណាំងម៉ូតូជាដើម។
អគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃនៅតែបន្តវិធានការក្តៅតាមរយៈការចុះអប់រំផ្សព្វផ្សាយគ្រប់រូបបភាពនិងគ្រប់វេទិកា។ អំពាវនាវទៅដល់អាជ្ញាធរ ក៏ដូចជាឪពុកម្តាយ អាណាព្យាបាល គ្រឹះស្ថានសិក្សាឱ្យបង្កើននូវការតាមដានគ្រប់គ្រងសកម្មភាពកូនចៅ សិក្សានុសិស្ស ក៏ដូចជាចាត់វិធានការរដ្ឋបាល មានការត្រួតពិនិត្យឆែកឆេ រកឧបករណ៍បង្កគ្រោះថ្នាក់ ឬ អាវុធ។ធ្វើការបោសសំអាតតាមកន្លែងដែលប្រមូលផ្តុំនិងសហការជាមួយគ្រឹះស្ថានសិក្សាដើម្បីប្រមូលសិស្សដែលគេចសាលា។នេះជាការបញ្ជាក់បន្ថែមរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
ឯកឧត្តម ទូច សុឃៈ បានបញ្ជាក់ទៀតថា សមត្ថកិច្ចក៏បានណែនាំតាមទីតាំងដែលផ្តល់សេវាផ្សេងៗ ដែលបានឃើញប្អូនៗទ្រង់ទ្រាយជាសិស្សសាលា ឬមានសម្លៀកបំពាក់ឯកសណ្ឋានសាលា សូមកុំឱ្យចូល ឬសូមរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ក្នុងនោះសមត្ថកិច្ចមូលដ្ឋានក៏បានទុកលេខទំនាក់ទំនងតាមទីតាំងផ្សេងដើម្បីទំនាក់ទំនង។
អ្នកនាំពាក្យរងបានបញ្ជាក់ជាចុងក្រោយថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅសមត្ថកិច្ចចម្រុះនៃអគ្គស្នងការដ្ឋាននគបាលចំណុះក្រសួងមហាផ្ទៃ។ ទីមួយ គឺអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយកដ្ឋមន្រ្តី និង ទីពីរ បន្តបោសសំអាតជាបន្តបន្ទាប់មិនមែនត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះទេ ត្រូវអនុវត្តឱ្យបានជាប្រចាំ ហើយអនុវត្តវិធានការច្បាប់យ៉ាងម៉ឺងមាត់ ចំពោះក្មេងទំនើងណាដែលប្រព្រឹត្តអំពើរផ្សេងៗមិនព្រមកែប្រែកំហុសខ្លួន និងមិនព្រមបញ្ឈប់សកម្មភាព ។
ជាសាររំលឹករបស់ឯកឧត្តមអ្នកនាំពាក្យ ទូច សុឃៈ គឺសូមជម្រាបជូនប្អូនៗដែលបង្ហោះម៉ូតូប្រសិនបើសមត្ថកិច្ចចាប់បាននឹងដកហូតម៉ូតូមករក្សាទុករយៈពេលបីខែសម្រាប់លើកទី១ និង ប្រាំមួយខែសម្រាប់លើកទី២ ។ប្រសិនបើមានលើកទី ៣ ត្រូវពិនិត្យអង្គច្បាប់ដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។ សូមបញ្ជាក់ថា ការរក្សាទុកម៉ូតូបីឬប្រាំមួយខែ សូមធានាថាមិនឱ្យមានការប៉ះពាល់គុណភាពម៉ូតូដែលរក្សាទុកនោះទេ៕