ឯកឧត្តម ប៉ែន កុសល្យ ប្រកាសរៀបចំយ៉ាងអធិកអធម ចំនួន០៧ថ្ងៃ នៅបុរីរដ្ឋបាលខេត្តត្បូងឃ្មុំ និងណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ទាំង៧ ត្រូវរៀបចំកម្មវិធីឲ្យបានកងរំពង ដើម្បីអបអរសាទរ ថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
ភ្នំពេញ៖ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញបន្តជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកអូររាំងឪ។ ដោយមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាល-អភិបាលរងស្រុក មេឃុំ មេប៉ុស្តិ៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសនោះឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់រដ្ឋបាលស្រុកអូររាំងឪ បន្តអនុវត្តន៍ការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនពលរដ្ឋឲ្យបានល្អប្រសើរ ស្របតាមគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
បន្ថែមលើនោះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានធ្វើការជំរុញលើការងារបង្ការ ទប់ស្កាត់ បង្ក្រាបឲ្យខានតែបាន នូវបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង បទល្មើសធនធានធម្មជាតិ និងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរដ្ឋបាលស្រុកត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាកុំឲ្យកើតមានឡើងលើទឹកដីស្រុកអូររាំងឪឡើយ។
ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកទៅដល់អាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ស្រុក-ឃុំ ត្រូវបន្តធ្វើកិច្ចការងារបម្រើសវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អ ប្រកបដោយភាពស្និតស្នាល ក្តីស្រឡាញ់ និងពោពេញដោយស្នាមញញឹមជានិច្ច។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍លើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដែលនឹងផ្តល់ផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋខ្មែរយ៉ាងច្រើន ទាំងពេលនេះ និងទៅថ្ងៃអនាគត។
ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានណែនាំអាជ្ញាធរក្រុង/ស្រុកទាំង៧ ត្រូវរៀបចំពីធីអបអរសាទរថ្ងៃបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ អោយបានកងរំពង។
ខណៈរដ្ឋបាលខេត្តក៏នឹងរៀបចំការប្រគុំតន្ត្រីខ្នាតធំចំនួន៧ថ្ងៃ តាំងពិពរណ៍ និងបាញ់កាំជ្រួច នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នៅបរិវេណបុរីរដ្ឋបាលខេត្ត ដើម្បីអបអរថ្ងៃបើកការដ្ឋាននេះផងដែរ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ចូលរួមអបអរសាទរ និងមកលេងកម្សាន្តឲ្យបានច្រើនកុះករ ៕