អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សាលាដំបូងរាជធានី-ខេត្ត ទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥២៧ករណី ដោយមានជនសង្ស័យចំនួន ១.៣៣៧នាក់ និងឃាត់ខ្លួនចំនួន ១.០៣១នាក់
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹង នារសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះថា ក្នុងរយៈពេល ១ខែ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥២៧ករណី ដែលក្នុងនោះមានជនសង្ស័យចំនួន ១.៣៣៧នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១.០៣១នាក់។
បន្ថែមពីលើនេះ ឯកឧត្តមអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្នុងនាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចាកឆ្ងាយពីគ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច ៕