ប្រតិភូរដ្ឋសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធ អាកាសយានិកនៃកងទ័ពជើងអាកាស ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើខ្នងភ្នំយ៉ាវយ៉ៃ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៤ ប្រតិភូរដ្ឋសភាដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ អាកាសយានិកនៃកងទ័ពជើងអាកាស ពីររូបគឺ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលបានពលីជីវិតក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ នៅលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្ដុកក្ដួលនេះ យើងទាំងអស់គ្នា សូមសម្តែងនូវការសោកស្តាយយ៉ាងក្រៃលែង និងក្តីអាឡោះអាល័យជាទីបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ ដែលមិនត្រឹមតែជាការបាត់បង់ឧត្តមស្វាមី ឪពុក និងញាតិមិត្តជាទីគោរពស្រឡាញ់ប៉ុណ្ណោះទេ តែក៏ជាការបាត់បង់វីរយុទ្ធជនកម្ពុជាដ៏ឆ្នើម មានសេចក្តីមោះមុត អង់អាចក្លាហានពីររូប ដែលបានលះបង់អាយុជីវិត ក្នុងបេសកកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោកវរសេនីយ៍ទោ ស៊ុន ផល្លា និងសពលោកអនុសេនីយ៍ឯក ខេង ឆៃយុទ្ធ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕