អភិបាលរងខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត
ភ្នំពេញ៖ លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារ និងពិគ្រោះយោបល់ជាមួយឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉េង លន តំណាងអង្គការ IOM ដេីម្បីពិនិត្យលើផែនការត្រៀមបម្រុង និងឆ្លើយតបគ្រោះអាសន្នខេត្ត ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីតំណាងមន្ទីរពាក់ព័ន្ធផងដែរ។
លោក អភិបាលរងខេត្ត បានថ្លែងអំណរគុណចំពោះឯកឧត្តម ឃុន សុខា អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ម៉េង លន តំណាងអង្គការ IOM ដែលបានចូលជួបពិភាក្សាការងារនាពេលនេះ។ លោក អភិបាលរងខេត្តក៏បានរាយការណ៍សង្ខេបអំពីការងារគ្រោះមហន្តរាយដែលខេត្តបានអនុវត្ត និងជួបបញ្ហាប្រឈមនាពេលកន្លងមក ព្រមទាំងបានស្នេីដល់ក្រុមការងារពិនិត្យក្នុងការផ្តល់ឧបករណ៍ការពាររន្ទះ និងស្តង់ដែលត្រូវតម្លេីងនៅទីទួលសុវត្ថិភាពសម្រាប់សង្គ្រោះនិងជម្លៀសបន្ទាន់ក្នុងពេលមានអាសន្ន ម្យ៉ាងទៀត ខ្យល់កន្ត្រាក់ក៏ជាបញ្ហាមួយសម្រាប់ប្រជាពលរដ្ឋផងដែរ ព្រោះមានខ្យល់ គឺមានរលំផ្ទះ។ ដោយឡែក ចំពោះផែនការខេត្តបានរៀបចំផែនការក្នុងក្រុងសៀមរាបរួចរាល់ហេីយដែរ មួយវិញទៀតក្រុមការងារខេត្តក៏បានជំរុញការផ្សព្វផ្សាយប្រព័ន្ធ ១២៩៤ ដល់សិស្សានុសិស្សនៅតាមសាលកវិទ្យាល័យក្នុងខេត្តផងដែរ។
ឯកឧត្តម ឃុន សុខា បានថ្លែងអំណរគុណចំពោះលោក អភិបាលរងខេត្តដែលបានជួបពិភាក្សាការងារនាពេលនេះ ជាមួយនឹងបញ្ហាប្រឈម។ ចំពោះឧបករណ៍ការពាររន្ទះនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយបានយកចិត្តទុកដាក់ខ្ពស់សម្រាប់ខេត្តសៀមរាប ហេីយក្រុមការងារនឹងបញ្ជាក់ជូនថ្នាក់ដឹកនាំបន្ថែមទៀត។ ម្យ៉ាងទៀត ចំពោះការរៀបចំកន្លែងទីទួលសុវត្ថិភាព សូមរដ្ឋបាលខេត្តត្រូវរៀបចំដីដែលជិតប្រជាពលរដ្ឋ ដេីម្បីងាយស្រួលជម្លៀសបានទាន់ពេលវេលា។ ដោយឡែក បញ្ហាខ្យល់កន្ត្រាក់ បញ្ហានេះអាជ្ញាធរមូលដ្ឋានគួរផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅពេលសាងសង់គួរមានការពិភាក្សាជាមួយអ្នកជំនាញបច្ចេកទេសនៅមន្ទីររៀបចំដែនដី នរូបនីយកម្ម សំណង់ និងសុរិយោដី។
ឯកឧត្តម អគ្គលេខាធិការរង នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានស្នេីដល់អង្គការ IOM ដេីម្បីរៀបចំស្តង់ ឬរោងនៅកន្លែងទីទួលសុវត្ថិភាពឱ្យមានស្តង់ដារមួយ ដេីម្បីសុខសុវត្ថិភាព និងសុខមាលភាពដល់ប្រជាពលរដ្ឋដែលត្រូវជម្លៀសឱ្យមកស្នាក់នៅបណ្តោះអាសន្ន ៕