សម្ដេចធិបតី អនុញ្ញាតឱ្យបរទេសនានាអាចថត នៅប្រាសាទក្នុងតំបន់អង្គរ ដោយមិនចាំបាច់បង់ប្រាក់
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឱ្យបរទេសនានាថតនៅប្រាសាទក្នុងតំបន់អង្គរ ដោយប្រើប្រាស់សម្លៀកបំពាក់របស់ប្រទេសនោះបាន និងមិនចាំបាច់បង់ប្រាក់នោះទេ ។
ក្នុងឱកាសសម្តេចនិង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី “សំណេះសំណាល និងពិសាភោជនាហារសាមគ្គី នៃមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា” នាថ្ងៃទី២ សីហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា ទន្ទឹមនឹងការអនុញ្ញាតនោះ ក៏ត្រូវប្រើសម្លៀកបំពាក់សមរម្យ មិនសិចស៊ី និងមិនប៉ះពាល់ដល់តម្លៃវប្បធម៌ខ្មែរ ហើយការថតនោះក៏មិនមែនដើម្បីបម្រើឱ្យអាជីវកម្មស្វែងរកចំណូលនោះដែរ ។
សម្ដេចធិបតី ក៏សម្រេចអនុញ្ញាតឱ្យពលរដ្ឋទូទៅដែលចង់ថត Pre-wedding នៅប្រាសាទក្នុងតំបន់អង្គរ អាចថតបានដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែត្រូវបំពេញបែប បទឯកសារ ហើយការថតនោះក៏មិនមែនក្នុងគោលបំណង ដើម្បីបម្រើអាជីវកម្មស្វែងរកចំណូលដែរ ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការថតប្រាសាទនៅតំបន់អង្គរ ដែលមិនប្រើដើម្បីស្វែងរកចំណូល និងការផលិតព័ត៌មានជាដើម អាចថតបានដោយមិនចាំបាច់បង់ប្រាក់ ប៉ុន្តែត្រូវបំពេញបែបបទឯកសារ ៕