លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព
ភ្នំពេញ៖ នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព ក្នុងគោលបំណងធ្វើបច្ចុប្បន្នភាពការងារអប់រំសុខភាព និងកំណត់នូវប្រធានបទអប់រំសុខភាពចម្បងសម្រាប់ឆ្នាំ២០២៥ ខាងមុខ។
កិច្ចប្រជុំនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិលើកកំពស់សុខភាព ដោយមានការអញ្ជើញចូលរួមពីក្រុមការងារជាមន្ត្រីបង្គោលមកពីនាយកដ្ឋាន មជ្ឈមណ្ឌលជាតិ និងកម្មវិធីជាតិ ព្រមទាំងដៃគូរអភិវឌ្ឍវិស័យសុខាភិបាល ដែលជាសមាជិកក្រុមការងារបង្គោលសរុបចំនួន ២១នាក់។
ក្រោយការពិភាក្សាគ្នាយ៉ាងផុសផុល អង្គប្រជុំសម្រេចបាននូវលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១. ត្រូវរៀបចំរបាយការណ៍វឌ្ឍភាព ៦ ខែដើមឆ្នាំការងារអប់រំ និងលើកកម្ពស់សុខភាព ឱ្យបានរួចរាល់ឆាប់បំផុតដែលអាចធ្វេីទៅបាន
២. ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលផ្នែកពាក់ព័ន្ធ ក្នុងការចាក់ផ្សាយសារអប់រំសុខភាពតាមរយៈការហៅទូរស័ព្ទ (Call Tune) រួមទាំងបន្តពង្រីកវិសាលភាពសកម្មភាពនេះ តាមរយៈការបន្តចាក់ផ្សាយសារអប់រំថ្មីៗជាបន្តបន្ទាប់
៣. ត្រូវរៀបចំនូវគំរូសារអប់រំសុខភាព តិចអំបិល តិចខ្លាញ់ តិចស្ករ សម្រាប់ដាក់តាំងលើតុពិសារអាហារតាមភោជនីយដ្ឋាន និងអាហារដ្ឋាន យោងតាមមតិរួមដែលបានផ្តល់យោបល់ក្នុងអង្គប្រជុំ ដើម្បីការពិភាក្សាសម្រេចនៅកិច្ចប្រជុំលេីកទី៧ ក្នុងដេីមខែបន្ទាប់នេះ
៤. ត្រូវបន្តការអប់រំអំពីគ្រឿងស្រវឹងដោយប្រេីប្រាស់សារដែលមានស្រាប់ហេីយ និងការរៀបចំសារអប់រំគន្លឹះសម្រាប់ឆ្នាំ២០២៥ ដោយកំណត់យកប្រធានបទគ្រឿងស្រវឹង នឹងគ្រោះថ្នាក់ចរាចរណ៍ជាប្រធានបទចម្បង
៥. ត្រូវបន្តការអប់រំអំពីគ្រឿងញៀន និងការរៀបចំធ្វើបទបង្ហាញលើប្រធានបទនេះដោយមានកំណត់នូវគោលដៅនៃសារអប់រំជាក់លាក់ រួមទាំងការព្រៀងនូវសារអប់រំសម្រាប់ការពិភាក្សាក្នុងកិច្ចប្រជុំលេីកទី៧ នៃខែបន្ទាប់ខាងមុខ
៦. សមាជិក-សមាជិកានៃក្រុមដែលជាមន្ត្រីបង្គោលចាត់តាំងពីនាយកដ្ឋាន និងកម្មវិធីជាតិនីមួយៗ ត្រូវខិតខំចូលរួមប្រជុំតាមការអញ្ជេីញ ឱ្យបានគ្រប់គ្នា ព្រោះមានបុគ្គលខ្លះមិនបានចូលរួមទាល់តែសោះតាំងពីដេីមអាណត្តិនៃរាជរដ្ឋាភិបាលថ្មី និងបានស្នេីឱ្យលោកស្រីប្រធានមជ្ឈមណ្ឌលជាតិលេីកកម្ពស់សុខភាព ធ្វេីការសាកសួរជាមួយប្រធាននាយកដ្ឋាន និងកម្មវិធីជាតិទាំងនោះ ដេីម្បីជំរុញការចូលរួមបន្ថែមទៀត។
៧. បានកំណត់នូវកាលបរិច្ឆេទនៃកិច្ចប្រជុំលេីកទី៧ គឺនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។