ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តត្នោតជុំ ក្នុងស្រុកទ្រាំង
ភ្នំពេញ៖ នាថ្ងៃសុក្រ ១៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន វិបុល ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ ហេង សំអូន អញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យ ទេយ្យទាន សម្ភារ បរិក្ខាជាច្រើនមុខ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តត្នោតជុំ ភូមិត្នោតជុំ ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ។
ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ជាពុទ្ធសាសនិក ដែលមានជំនឿយ៉ាងមុតមាំចំពោះព្រះពុទ្ធសាសនា។ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃនៅតាមទីអារាមនានាជារៀងរាល់ឆ្នាំ ពេលគង់ចាំព្រះវស្សារយៈពេល៣ខែនេះ។ ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ត្រូវបានធ្វើឡើងតាមលំអានព្រះពុទ្ធសាសនាខ្មែរ។
ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ក៏មានការសូត្រមន្តប្រោសព្រំប្រសិទ្ធពរជ័យជូនឯកឧត្តមទេសរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការដែលបានអញ្ជើញចូលរួមផងដែរ ៕